កញ្ចប់ជំនួយ ដល់អ៊ុយក្រែន មន្ទីរប៉ង់តាហ្គោនថា នៅសល់តែ១ពាន់លានដុល្លារទៀតប៉ុណ្ណោះ

អាមេរិក៖ ចេញពីបទសម្ភាសន៍មួយ រវាងក្រុមមន្ត្រីរបស់មន្ទីរប៉ង់តាហ្គោន សហរដ្ឋអាមេរិក និងក្រុមអ្នកកាសែត កាលពីថ្ងៃសុក្រម្សិលមិញ បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន កាន់តែខើចទៅៗនៃជំនួយ ជាលុយសម្រាប់ប្រទេស អ៊ុយក្រែន ហើយនឹងកំពុងស្វែងរកវិធី ដើម្បីកាត់បន្ថយកញ្ចប់ ថវិកាទាំងនោះផង នេះយោងតាមការដកស្រង់ ដោយកាសែត RT ។

ស្របជាមួយគ្នានេះក្រសួងការពារជាតិ អាមេរិកក៏បានកំពុងតែជំរុញ ឱ្យសភាក្នុងការដោះស្រាយ ការជាប់គាំង និងភ្លើងខៀវ ចំពោះសំណើ របស់សេតវិមាន សម្រាប់កញ្ចប់ជំនួយថ្មី ដែលមានទំំហំដល់ទៅ១០៦ ពាន់លានដុល្លារបន្ថែមទៀត ដែលរួមមានមូលនិធិ សម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់ ។

អ្នកនាំពាក្យរង របស់មន្ទីរបញ្ចកោណ លោកស្រី Sabrina Singh បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានចំណាយ ប្រហែល៩៥ភាគរយទៅហើយ នៃមូលនិធិពីមុន សម្រាប់ប្រទេសអ៊ុយក្រែន ។

អ្នកស្រីបានបន្តថាមានតែប្រហែល ១ ពាន់លានដុល្លារប៉ុណ្ណោះ ក្នុងចំណោមចំនួនសរុប ដែលនៅតែមិនបានចំណាយ ។ លុយដែលនៅសល់នឹងត្រូវបានប្រើ ដើម្បីបញ្ជូនសម្ភារៈយោធាពីស្តុក ដែលមានស្រាប់ទៅកាន់អ៊ុយក្រែន ហើយជំនួសដោយការបញ្ជាទិញថ្មីប៉ុណ្ណោះ ៕