នៅជិតមន្ទីរពេទ្យធំរបស់ទីក្រុងហ្គាហ្សា ការផ្ទុះគ្រាប់បានកើតមាន ខណៈដែលសាកសព និងមនុស្សនៅច្រកចូលមន្ទីរពេទ្យ
ហ្កាហ្សា ៖ មនុស្សបានជួបជុំគ្នានៅមន្ទីរពេទ្យធំ Al-Shifa របស់ទីក្រុងហ្គាហ្សា កាលពីថ្ងៃព្រហស្បតិ៍ថា ជាកន្លែងដែលថង់ច្រកសាកសពដាក់លើដីក្រោមជម្រកបណ្តោះអាសន្ន ខណៈដែលសំណុំផ្សែងហុយចេញពីការផ្ទុះគ្រាប់នៅក្បែរនោះ ត្រូវបានគេមើលឃើញនៅលើមេឃ ។
ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងហ្គាហ្សា ដែលជាតំបន់កាន់កាប់របស់ក្រុមជីវពលហាម៉ាស់ នៅភាគខាងជើងតំបន់ហ្គាហ្សាស្រ្ទីប បាននិយាយថា រថក្រោះអ៊ីស្រាអែល បានឈរជើងនៅជុំវិញទីក្រុង ។
ពួកគេនិយាយថា កងកម្លាំងអ៊ីស្រាអែល កំពុងរំកិលចូលកាន់តែជិតមន្ទីរពេទ្យ ២កន្លែង ជាកន្លែងដែលជនប៉ាឡេស្ទីនជម្លៀសខ្លួនរាប់ពាន់នាក់ កំពុងស្វែងរកទីជម្រក ។
នៅក្នុងតំបន់ហ្គាហ្សា ចំនួនមនុស្សជម្លៀសខ្លួនដ៏ច្រើន សន្ធឹកសន្ធាប់មកពីចំណោមពលរដ្ឋ ២,៣លាននាក់ បានប្រមូលផ្តុំគ្នារួចទៅហើយនៅតាមសាលារៀន មន្ទីរពេទ្យ និងទីតាំងផ្សេងទៀត នៅតំបន់ភាគខាងត្បូង ស្របពេលដែលពួកគេស្វែងរកការព្យាបាល និងទីសុវត្ថិភាពពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ខណៈមនុស្សរាប់ម៉ឺននាក់ផ្សេងទៀត បន្តស្នាក់នៅតំបន់ភាគខាងជើង ដែលរួមទាំងនៅមន្ទីរពេទ្យ Al-Shifa ផងដែរ ។
សូមបញ្ជាក់ថា អ៊ីស្រាអែល បានបើកការវាយប្រហារឥតឈប់ឈរលើតំបន់ហ្គាហ្សា ដើម្បីឆ្លើយតបនឹងការវាយឆ្មក់ឆ្លងព្រំដែនរបស់ក្រុមហាម៉ាស់ កាលពីថ្ងៃទី ៧ ខែតុលា ពេលក្រុមខ្មាន់កាំភ្លើងរបស់ពួកគេ បានសម្លាប់មនុស្សជាង ១.៤០០នាក់ ដែលភាគច្រើននៃពួកគេគឺជាជនស៊ីវិល និងបានចាប់ចំណាប់ថ្នូរជាង ២៤០នាក់ ។
ក្រុមមន្រ្តីប៉ាឡេស្ទីន និយាយថា ពលរដ្ឋរស់នៅក្នុងតំបន់ហ្គាហ្សា ១០.៥៦៩នាក់ ត្រូវបានសម្លាប់គិតត្រឹមថ្ងៃពុធម្សិលម្ងៃ ក្នុងនោះប្រហែល ៤០ភាគរយគឺជាកុមារ ៕