បើកកិច្ចចរចាគ្រប់គ្រងអាវុធ រវាងអាមេរិក និងចិនក្នុងន័យ«ស្ថាបនា»
បរទេស៖ សហរដ្ឋអាមេរិកថា បានបើកកិច្ចពិភាក្សា ក្នុងន័យស្ថាបនាជាមួយប្រទេសចិន ក្នុងសប្តាហ៍នេះ កាលពីថ្ងៃអង្គារទី៧ ខែវិច្ឆិកា ស្តីពីការគ្រប់គ្រងអាវុធ និងការមិនរីកសាយភាយជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាទំនាក់ទំនងបើកចំហ មុនពេលលទ្ធភាពកិច្ចប្រជុំរបស់ប្រធានាធិបតីអាមេរិក និងចិននៅក្នុងខែនេះ ។
នៅទីក្រុងវ៉ាស៊ីនតោន កិច្ចពិភាក្សាស្តីពីការគ្រប់គ្រងអាវុធ ដែលមន្ត្រីអាមេរិក បានពិពណ៌នាជាលើកដំបូង ចាប់តាំងពីរដ្ឋបាលលោក អូបាម៉ា ត្រូវបានដឹកនាំដោយឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រីMallory Stewart និងលោក Sun Xiaobo អគ្គនាយកនៃក្រសួងការបរទេសចិន កាលពីថ្ងៃចន្ទកន្លងមកនេះ ។
អាទិភាពមួយក្នុងចំណោមអាទិភាពចម្បងៗ របស់សហរដ្ឋអាមេរិក គឺដើម្បីធានាថា ការប្រកួតប្រជែងខ្លាំងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ ហើយការខ្វែងគំនិតគ្នារបស់ពួកគេជុំវិញបញ្ហាជាច្រើន ពីពាណិជ្ជកម្មទៅកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង មិនក្លាយទៅជាជម្លោះ ។
ទីក្រុងវ៉ាស៊ីនតោន ក៏មានការព្រួយបារម្ភផងដែរ អំពីការពង្រីកការផលិតអាវុធនុយក្លេអ៊ែររបស់ចិន ដែលតាមការប៉ាន់ប្រមាណ មាន៥០០ក្បាលគ្រាប់ យោងតាមមន្ទីរបញ្ចកោណ នៅតែតិចជាងអាវុធរបស់អាមេរិក និង រុស្ស៊ី ប៉ុន្តែអ្នកវិភាគខ្លះជឿថា អាចបង្កើនហានិភ័យនៃជម្លោះ ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានលើកឡើងថា៖ «ភាគីទាំងពីរ បានធ្វើការពិភាក្សាយ៉ាងច្បាស់លាស់ និងស៊ីជម្រៅលើបញ្ហាដែលទាក់ទងនឹងការគ្រប់គ្រងអាវុធ និងការមិនរីកសាយភាយជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងបន្ត ដើម្បីរក្សាទំនាក់ទំនងបើកចំហរ និងទទួលខុសត្រូវក្នុងការគ្រប់គ្រងទំនាក់ទំនងរវាងសហរដ្ឋអាមេ រិក-សាធារណរដ្ឋប្រជាមានិតចិន(PRC)៕