សម្តេចធិបតី បញ្ជាឱ្យក្រសួងដែនដី ពន្លឿនចុះបញ្ជីក្បាលដី និងឯកភាពប្រើគ្រប់មធ្យោបាយធ្វើម៉េចឱ្យបានដីពលរដ្ឋប្រើប្រាស់លឿន
ព្រះសីហនុ៖ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ហ៊ុន ម៉ាណែត បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខិតខំពន្លឿនការចុះបញ្ជីក្បាលដីឱ្យបានលឿន ហើយសម្តេចបានឯកភាពឱ្យប្រើគ្រប់មធ្យោបាយ និងប្រើកម្លាំងសរុប ដើម្បីធ្វើយ៉ាងណាផ្ដល់ប័ណ្ណកម្មសិទ្ធិដីដល់ប្រជាពលរដ្ឋយកទៅប្រើប្រាស់ឲ្យបានឆាប់ ខណៈសព្វថ្ងៃនៅសល់ក្បាលដីជាង៧លានក្បាលដីទៀត ដែលរាជរដ្ឋាភិបាលបានវាស់វែងរួចហើយនោះ ។
នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសបន្តអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតជាង ១ម៉ឺន៥ពាន់នាក់ មកពីតាមបណ្តារោងចក្រ សហគ្រាស នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ បានបញ្ជាក់ថា ទាក់ទងនឹងបញ្ហាដីធ្លីនេះ កាលពីជាង១០ឆ្នាំមុន សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោបាយវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ដោយប្រើប្រាស់យុវជនស្ម័គ្រចិត្ត តាមរយៈគោលនយោបាយចាស់សកម្មភាពថ្មី ដោយបានវាស់វែងដីធ្លីជូនប្រជាពលរដ្ឋបានជាច្រើនក្បាលដី ។ ដូច្នេះរាជរដ្ឋាភិបាលថ្មីរបស់សម្តេច នឹងបន្តធ្វើសកម្មភាពនេះទៅមុខទៀត ដើម្បីធ្វើយ៉ាងណាឲ្យបានដីដល់ពលរដ្ឋប្រើប្រាស់ស្របច្បាប់ឲ្យបានឆាប់រហ័ស ។
សម្តេចធិបតី បានបន្ថែមថា សម្តេចបានឯកភាពជាមួយឯកឧត្តម សាយ សំអាល រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ហើយ ដោយផ្ដល់គោលការណ៍ ប្រើប្រាស់កម្លាំងសរុបទាំងថ្នាក់កណ្ដាល និងថ្នាក់ខេត្ត ដើម្បីធ្វើយ៉ាងណាចុះ ទៅបែងចែងដីឲ្យបងប្អូន ឆាប់បានកម្មសិទ្ធិគាត់យកទៅប្រើប្រាស់ឲ្យលឿនកុំឲ្យកកស្ទះបន្តទៀត៕