បើទោះជាមានការអំពាវនាវឲ្យមានបទឈប់បាញ់ក្តី អ៊ីស្រាអែល បង្កើនការវាយប្រហារ នៅតំបន់ហ្កាហ្សា

អ៊ីស្រាអែល បានវាយលុកតំបន់ហ្កាហ្សា ជាមួយនឹងការវាយប្រហារ «យ៉ាងសំខាន់» កាលពីថ្ងៃចន្ទកន្លងមកនេះ ខណៈដែលទាហាន បានប្រយុទ្ធជាមួយកងកម្លាំងហាម៉ាស នៅក្នុងទឹកដី ដែលត្រូវបានឡោមព័ទ្ធ ដោយមិនអើពើនឹងការអំពាវនាវបទឈប់បាញ់ដោយទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិ ដែលបានថ្កោលទោសចំពោះការស្លាប់ជនស៊ីវិល នៅក្នុងជម្លោះរយៈពេលមួយខែនេះ ។

កងទ័ពអ៊ីស្រាអែល និងក្រុមជនសកម្មប្រយុទ្ធហាម៉ាស បានចូលរួមក្នុងការប្រយុទ្ធពីផ្ទះមួយទៅផ្ទះមួយ នៅតំបន់ហ្កាហ្សា ដែលមានប្រជាជនរស់នៅយ៉ាងច្រើន ជាកន្លែងដែលសង្គ្រាម បានបណ្តាលឲ្យមនុស្ស ១,៥ លាននាក់ភៀសខ្លួន ទៅកាន់ផ្នែកផ្សេងទៀតនៃទឹកដី ក្នុងការស្វែងរកកន្លែងសុវត្ថិភាពដ៏អស់សង្ឃឹម ។

លោក Jonathan Conricus អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទនេះថា៖«យើងនឹងធ្វើការប្រយុទ្ធទៅកាន់ក្រុមហាម៉ាសនៅគ្រប់ទីកន្លែង ទាំងនៅក្រោមដី និងពីលើដី» ដោយបានអំពាវនាវម្តងទៀតឲ្យជនស៊ីវិលចាកចេញពីតំបន់សង្រ្គាម នៅទីក្រុងនៅភាគខាងជើងនៃតំបន់ហ្កាហ្សាស្ទ្រីបដែលគ្រប់គ្រងដោយក្រុមហាម៉ាស ។

យើងនឹងអាចរុះរើទីតាំងរឹងមាំរបស់ក្រុមហាម៉ាស ចាប់ពីបន្ទាយ កងវរសេនាតូច រហូតដល់យើងសម្រេច បាននូវគោលដៅចុងក្រោយ ពោលគឺកម្ចាត់ក្រុមហាម៉ាសឲ្យអស់ពីតំបន់ហ្កាហ្សាស្ទ្រីបទាំងមូល៕