សម្តេចធិបតី៖ ជំរុញឲ្យក្រសួងមហាផ្ទៃ ខិតខំសកម្មបន្ថែមទៀតក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀន និងករណីចរាចរណ៍

ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានជំរុញឲ្យ​ក្រសួង​មហាផ្ទៃ ​ខិតខំ​ឲ្យ​បាន​សកម្ម​បន្ថែម​ទៀត ក្នុង​ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន បញ្ហាចរាចរណ៍ បញ្ហាក្មេងទំនើប និងបញ្ហា​ជាច្រើន​ទៀត​នៅ​ក្នុង​សង្គម​ ដើម្បីធ្វើយ៉ាងណាធានានូវសុវត្ថិភាព ជូនពលរដ្ឋឲ្យសមស្របទៅតាមគោលនយោបាយភូមិឃុំ-សង្កាត់​មាន​សុវត្ថិភាព ​។

នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវអគារទីស្តីការក្រសួងមហាផ្ទៃថ្មី សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា បញ្ហាជា ច្រើន​ដែល​ត្រូវ​រួម​គ្នាប​ន្ត​ឥត​ឈប់​ឈរ និងខិតខំស្វែងរកវិធីសាស្ត្រ ក៏ដូចជាមធ្យោបាយផ្សេងៗទៀត ដោះស្រាយ បង្ក្រាប និង​ទប់ស្កាត់​នូវ​បាតុភាព​នានា ​នៅក្នុងសង្គម ដែលបញ្ហាទាំងនេះបានកើតឡើងគួរឲ្យព្រួយបារម្ភ ពីសំណាក់បងប្អូនប្រជាពលរដ្ឋនោះ។

ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានណែនាំដល់ក្រសួងមហាផ្ទៃត្រូវពង្រឹងដល់មន្រ្តី របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​លាស់ ជាពិសេសមន្រ្តី ដែលនៅជាប់នឹងមូលដ្ឋាន និងនៅជាប់ជាមួយប្រជាពលរដ្ឋនេះតែម្តង ដោយ​ត្រូវ​រក​មន្រ្តី​ណា​ ដែល​សកម្ម​ក្នុងការបម្រើសេវាប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និង​ខិត​រក​ដំណោះ​ស្រាយ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សង្គម​ជាដើម ៕