តំបន់ហ្គាហ្សា៖ អង្គការសិទ្ធិមនុស្សអាហ្សង់ទីន ទាមទារឲ្យមានបទឈប់បាញ់

អាហ្សង់ទីន៖ នៅក្នុងទីក្រុង Buenos Aires ក្រុមសិទ្ធិមនុស្ស និងអង្គការមូស្លីម អាហ្សង់ទីនជាច្រើន បានដើរដង្ហែក្បួន កាលពីថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីទាមទារឲ្យមានបទឈប់បាញ់ នៅតំបន់ហ្គាហ្សា ។

ក្រុមបាតុករបានដើរដង្ហែរក្បួននោះ រហូតដល់ទៅដល់រដ្ឋសភាជាតិ ដោយមានកាន់ទង់ជាតិប៉ាឡេស្ទីន និងបដាដែលសរសេរសារជាច្រើន ដូចជា «ផ្ដល់សេរីភាពឲ្យប៉ាឡេស្ទីន» ឬ «នេះមិនមែនជាសង្រ្គាមទេ តែជាអំពើប្រល័យពូជសាសន៍» ។

នៅទីនោះ លោក Adolfo Perez Esquivel ម្ចាស់ជ័យលាភីពានណូបែលជនជាតិអាហ្សង់ទីន បានអំពាវនាវឲ្យប្រជាជនបន្តធ្វើបាតុកម្ម រហូតដល់គ្មានការទម្លាក់គ្រាប់បែក នៅតំបន់ហ្គាហ្សា ហើយសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន ក្នុងការ «បង្កើតរដ្ឋអធិបតេយ្យដោយគ្មានការរារាំង» ត្រូវបានទទួលស្គាល់ ។

គួរបញ្ជាក់ថា ប្រទេសអាហ្សង់ទីន ដែលជាទីកន្លែងជ្រកកោនរបស់សហគមន៍ជ្វីហ្វដ៏ធំបំផុត នៅតំបន់អាមេរិកឡាទីននោះ កាលពីថ្ងៃពុធ ទី១ ខែវិច្ឆិកា បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើជំរុំជនភៀសខ្លួន ដែលមានប្រជាជនយ៉ាងច្រើនណែនណាន់តាន់តាប់ ក្នុងតំបន់ហ្គាហ្សាស្ទ្រីប នៅមួយថ្ងៃមុននោះ៕