ការត្រៀមរួចរាល់ របស់យានហោះអវកាស Sierra Space សម្រាប់ជើងហោះហើរដំបូង
សហរដ្ឋអាមេរិក៖ Dream Chaser ជាយន្តហោះ ដែលមានជំនាញខាងដឹកទំនិញឡើងទៅកាន់ ISS នឹងបំពាក់ម៉ាស៊ីនរ៉ុក្កែតតូចៗ ជាច្រើនគ្រឿង អាចដឹកទំនិញបាន 5,550 គីឡូក្រាមក្នុងមួយជើង ។
យន្តហោះអវកាស ពាណិជ្ជកម្ម Dream Chaser ជាការផលិតដោយក្រុមហ៊ុន Sierra Space នៅសហរដ្ឋអាមេរិក កំពុងឆ្ពោះទៅជិតដល់ថ្ងៃបាញ់បង្ហោះ ។ Dream Chaser ដែលត្រូវបានអភិវឌ្ឍ ដើម្បីបំពេញភារកិច្ចបាន 15 ជើង នឹងដឹកជញ្ជូនទំនិញឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) ហើយអាចដើរតួនាទីសំខាន់ចំពោះបណ្ដាស្ថានីយអវកាសនាពេលអនាគត នេះបើតាម Interesting Engineering ចុះផ្សាយកាលពីថ្ងៃទី 02 ខែវិច្ឆិកា ឆ្នាំ2023 ។
យន្តហោះអវកាសនេះមានដងខ្លួនប្រវែង 9 ម៉ែត្រ និងស្លាបប្រវែង 7 ម៉ែត្រ ។ ស្លាបរបស់វាអាចបត់បាន អនុញ្ញាតឱ្យគេប្រើប្រាស់វាដូចទៅនឹងទំនិញដែលដាក់លើរ៉ុក្កែត ។ Dream Chaser ត្រូវបានណាសាជ្រើសរើសជាយានដឹកទំនិញទីបីសម្រាប់ឆ្នាំ 2026។ វាក៏នឹងត្រូវបានប្រើប្រាស់ក្នុងការដឹកសំរាមពី ISS មកបញ្ឆេះចោលក្នុងស្រទាប់បរិយាកាសផែនដីផងដែរ៕