បាញ់ពន្លឺភ្លើងពីយន្តហោះចម្បាំងចិន ទៅក្បែរឧទ្ធម្ភាគចក្រប្រមាញ់នាវាមុជទឹកកាណាដា
បរទេស៖ យន្តហោះចម្បាំងចិន បានបាញ់ពន្លឺភ្លើងនៅពីមុខឧទ្ធម្ភាគចក្រយោធាប្រទេសកាណាដា នៅលើដែនទឹកអន្តរជាតិនៅសមុទ្រចិនខាងត្បូង កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ជាប្រតិបត្តិការ ដែលមន្ត្រីយោធាកាណាដា និយាយថាជាការធ្វេសប្រហែស ហើយអាចបណ្តាលឱ្យមានការធ្លាក់យន្តហោះ បើតាមកងទ័ពជើងទឹកប្រទេសកាណាដា បានលើកឡើង ។
មន្ត្រីទ័ពអាកាសនៅលើនាវាចម្បាំង Royal Navy HMCS Ottawa ឧត្តមសេនីយ៍ Rob Millen បាននិយាយថា «ហានិភ័យចំពោះឧទ្ធម្ភាគចក្រក្នុងករណីនេះ គឺពន្លឺភ្លើងខិតទៅរក ស្លាប ឬម៉ាស៊ីន ដូច្នេះវាត្រូវបានគេចាត់ថាជាគ្មានសុវត្ថិភាព និងគ្មានស្តង់ដារ និងគ្មានវិជ្ជាជីវៈ ។
លោក Millen បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNN នៅក្នុងបទសម្ភាសន៍ នៅលើនាវាចម្បាំងថា ឧបទ្ទវហេតុនេះ គឺជាលើកទី ២ ក្នុងចំណោមការជួបប្រទះឧទ្ធម្ភាគចក្ររបស់ទីក្រុងអូតាវ៉ា ជាមួយយន្តហោះចម្បាំង J-11 របស់កងទ័ពរំដោះប្រជាជនចិន នៅលើដែនទឹកអន្តរជាតិ កាលពីថ្ងៃទី ២៩ ខែតុលា ដែលបានឃើញយន្តហោះចម្បាំងខិតចូលទៅជិតចម្ងាយ ១០០ ហ្វីតពីឧទ្ធម្ភាគចក្រ ។
លោកបាននិយាយថា ប្រទេសកាណាដា និងប្រទេសផ្សេងទៀត បានឃើញយន្តហោះរបស់ចិនចូលទៅកៀកយន្តហោះជាច្រើនលើក ប៉ុន្តែវាកម្របានឃើញសកម្មភាពបែបនេះធ្វើមកលើឧទ្ធម្ភាគចក្រណាស់ ។ ឧប្បត្តិហេតុលើកដំបូង គឺនៅលើដែនទឹកអន្តរជាតិនៅក្នុងចម្ងាយ ៣៤ ម៉ាយស៍ពីប្រជុំកោះប៉ារ៉ាសែល( Paracel) នៅភាគខាងជើងសមុទ្រចិនខាងត្បូង ។ លើកទីពីរ ក៏នៅលើដែនទឹកអន្តរជាតិចម្ងាយ២៣ ម៉ាយស៍ពីប្រជុំកោះ ប៉ារ៉ាសែល ។
លោក Millen បានបន្ថែមថា លោកកំពុងបើកឧទ្ធម្ភាគចក្រកាណាដានៅពេលព្រឹក នៅពេលនោះយន្តហោះ J-11 របស់ចិនបានស្ទាក់ឧទ្ធម្ភាគចក្រនៅចម្ងាយជិត ខណៈវាហោះត្រង់និងមានកម្ពស់ ៣.000 ហ្វីតពីលើទឹក ត្រឡប់ទៅទីក្រុងអូតាវ៉ាវិញ ជាសញ្ញាមួយបង្ហាញថាខ្លួនពុំមានចេតនាបង្កអរិភាពណាមួយនោះទេ៕