លោក Vucic មេដឹកនាំស៊ែរប៊ី រំលាយសភា និងកំណត់ការបោះឆ្នោតមុនអាណត្តិ នៅថ្ងៃទី១៧ ខែធ្នូ
ស៊ែរប៊ី៖ លោក Aleksandar Vucic ប្រធានាធិបតីស៊ែរប៊ី បានប្រកាសរំលាយសភា កាលពីថ្ងៃពុធ ទី១ ខែវិច្ឆិកា ហើយបានអំពាវនាវឲ្យមានការបោះឆ្នោតមុនកាលកំណត់ នៅថ្ងៃទី១៧ ខែធ្នូ ក្នុងគោលបំណងពង្រឹងសិទ្ធិអំណាចរបស់លោក ខណៈដែលលោកកំពុងគិតគូរពីវិធីធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយកូសូវ៉ូ ដែលជាលក្ខខណ្ឌចម្បង សម្រាប់ការទទួលបានសមាជិកភាពសហភាពអឺរ៉ុប ។
ការបោះឆ្នោត និងការគ្មានសភាបំពេញកិច្ចការ នឹងអាចឲ្យលោក Vucic មានពេលវេលាបន្ថែម និងពន្យារការសម្រេចចិត្តលើទំនាក់ទំនងជាមួយកូសូវ៉ូ ដែលជាតំបន់ឯករាជ្យ និងដែលភាគច្រើនសម្បូរជនជាតិអាល់បានី ព្រោះស៊ែប៊ីនៅតែមើលឃើញថា កូសូវ៉ូជាខេត្តភាគខាងត្បូងរបស់ខ្លួន បើតាមបណ្ដាអ្នកជំនាញបានលើកឡើង ។
លោកស្រី Ursula von der Leyen ប្រធានប្រតិបត្តិសហភាពអឺរ៉ុប ឬ EU បាននិយាយអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Belgrade កាលពីថ្ងៃអង្គារ ទី៣១ ខែតុលា ថា ប្រសិនបើប្រទេសទាំង២ ចង់ចូលរួមប្លុក ទាំងស៊ែប៊ី និងកូសូវ៉ូ ត្រូវតែបង្កើនកិច្ចប្រឹងប្រែងរបស់ពួកគេ ដើម្បីធ្វើប្រក្រតីភាពទំនាក់ទំនង បន្ទាប់ពីផ្ទុះឡើងនូវអំពើហិង្សា នាពេលថ្មីៗនេះ ៕