ឆ្នាំ២០២៣នេះ មានប្រទីបចូលរួមបណ្តែតកើនឡើងទ្វេដង ក្នុងព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖ នៅសល់ពេលប្រមាណជាង២០ថ្ងៃទៀត ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងឈានចូលមកដល់។ នៅក្នុងរយៈពេលនេះដែរ មានទូកប្រទីបខា្នតធំប្រមាណ៣០គ្រឿង បាននឹងកំពុងរៀបចំដំឡើងញាប់ដៃញាប់ជើង ធ្វើយ៉ាងណាឲ្យហើយរួចរាល់មុនថ្ងៃព្រះរាជពិធីបុណ្យអុំទូកចូលមកដល់។
នៅថ្ងៃទី៣១ ខែតុលានេះថា នៅឆ្នាំ២០២៣ គ្រប់ប្រទីបទាំងអស់គឺត្រូវបានបញ្ជាទិញសំភារៈ គ្រឿងភ្លើងពណ៌លំអ ត្រូវបានរៀបចំដំឡើងថ្មីឡើងវិញទាំងអស់ ហើយការដំឡើងនោះគឺគ្រោងធ្វើឲ្យហើយរួចរាល់ នៅក្នុងអំឡុងថ្ងៃទី២០ ខែវិច្ឆិកា ទាំងអស់គ្នា បើតាមវរៈសេនីយ៍ទោ តែ រដ្ឋា តំណាងអ្នករៀបចំដំឡើងប្រទីបរបស់ក្រសួងការពារជាតិ បានថ្លែង។
នៅក្នុងព្រឹត្តិការណ៍បុណ្យអុំទូក ឆ្នាំ២០២៣នេះ មានប្រទីបចូលរួមបណ្តែត នៅក្នុងទន្លេចតុមុខ មុខព្រះបរមរាជវំាង មានចំនួន៣០ប្រទីប ក្នុងនោះ មានប្រទីបមកពីបណ្តាក្រសួងស្ថាប័នរដ្ឋចំនួន២៧ ប្រទីប សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)ចំនួន១ និងប្រទីប មកពីវិស័យឯកជន ចំនួន២ រួមមាន៖ ប្រទីបក្រុមហ៊ុនវឌ្ឍនៈ និងប្រទីបក្រុមហ៊ុនកូកាកូឡា តាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ បានឲ្យដឹង។
មន្ត្រីគណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ បានឲ្យដឹងដែរថា ក្នុងព្រះរាជពិធីបុណ្យអុំទូក អំឡុងឆ្នាំ២០១៩ មុនពេលមិនទាន់មានកូវីដ១៩ គឺមានប្រទីបចំនួន១៣គ្រឿងចូលរួមបណ្តែត ហើយសម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣នេះវិញ គឺមានប្រទីបចូលរួមបណ្តែតចំនួន៣០ប្រទីប។
នៅក្នុងកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក របស់រដ្ឋបាលសាលារាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា មានទូកមកពីតាមបណ្តាខេត្ត រាជធានីបានចុះឈ្មោះចូលរួមប្រណាំងប្រមាណជាង ៣០០ទូក ក្នុងនោះរាជធានីភ្នំពេញមានប្រមាណជាង ៤០ទូក និងមានកីឡាករ កីឡាការិនីចំណុះទូកប្រមាណជិត២ម៉ឺននាក់ ៕