រដ្ឋ២ នៅអាមេរិក ក្នុងពិធី Halloween មានបាញ់ប្រហារ បណ្តាលឱ្យស្លាប់ ៣នាក់ និងរបួស ២៦នាក់

អាមេរិក៖ នៅក្នុងការបាញ់ប្រហារពីរផ្សេងគ្នា នៅឯពិធីជប់លៀង Halloween ក្នុងរដ្ឋ Florida និង Indiana កាលពីព្រឹកថ្ងៃអាទិត្យ យ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់ និង ២៦ នាក់ទៀតរងរបួស ។

ប៉ូលីសបានប្រាប់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានមួយម៉ោងក្រោយមកថា មនុស្ស២នាក់បានស្លាប់ និង ១៨នាក់ទៀតបានរងរបួស នៅពេលដែលការបាញ់ប្រហារបានផ្ទុះឡើង អំឡុងពេលការប្រយុទ្ធគ្នារវាងក្រុមពីរនៅខាងក្រៅបារមួយក្នុងទីក្រុង Tampa រដ្ឋ Florida នៅម៉ោងប្រហែល ៣ ទៀបភ្លឺកាលពីព្រឹកថ្ងៃអាទិត្យ បើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹង ។

មេប៉ូលីស Tampa លោក Lee Bercaw បាននិយាយថា «វាជាការរំខាន ឬការប្រយុទ្ធគ្នារវាងក្រុមពីរ ហើយនៅក្នុងការប្រយុទ្ធគ្នារវាងក្រុមពីរនេះ យើងមានមនុស្សស្លូតត្រង់រាប់រយនាក់ដែលស្ថិតនៅលើដងផ្លូវជាប់ពាក់ព័ន្ធ” ។

វីដេអូពីកន្លែងកើតហេតុ បង្ហាញអ្នកឈរនៅក្បែរនោះជាច្រើននាក់ស្លៀកពាក់ឈុត Halloween ផឹកស៊ី និងនិយាយនៅខាងក្រៅបារ និងក្លឹប មុនពេលការបាញ់ប្រហារចាប់ផ្តើម។ មនុស្សជាច្រើនភ័យស្លន់ស្លោ និងរត់ជាន់គ្នា ខណៈពេលដែលអ្នកផ្សេងទៀតបានរត់ពូនពីក្រោយតុដែកដែលដួល។

ចំណែកការផ្ទុះអាវុធមួយផ្សេងទៀត បានផ្ទុះឡើងនៅព្រឹកថ្ងៃអាទិត្យនៅឯពិធីជប់លៀង Halloween នៅទីក្រុង Indianapolis រដ្ឋ Indiana បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងប្រាំបីនាក់ទៀតរងរបួស៕