តំបន់មួយក្នុងរាជធានីភ្នំពេញ បានវាយលុកដោយជំនន់ទឹកភ្លៀង នាព្រឹកនេះ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ជំនន់ទឹកភ្លៀងបានជន់លិចលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ និងទីវត្តអារាមមួយចំនួនក្នុងខណ្ឌកំបូល និងខណ្ឌដង្កោ ។
កាលពីល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ វត្តសាក់សំពៅ ដែរស្ថិតនៅក្នុងភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញទឹកបានជន់លិចតែ ទីធ្លាវត្តទេ តាមបរិស័ទចំណុះជើងវត្ត បានឱ្យដឹង។ លុះដល់ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ស្ថានភាពទឹកបានហក់ឡើងលឿនខ្លាំង ធ្វើឱ្យជនន់លិចទាំងខឿន ព្រះវិហារ សាលាឆាន់ កុដិព្រះសង្ឃ ព្រមទាំងទីធ្លាវត្តទាំងមូលជ្រៅតែម្តង ។
ចំពោះស្ថានភាពទឹកជំនន់នៅតាមសណ្តស្ទឹងព្រែកត្នោតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ គិតត្រឹមម៉ោង៦:៤៧ នាទី មានផ្ទះប្រជាពលរដ្ឋរងការជន់លិចចំនួន០៩សង្កាត់ ស្មើ៤១ភូមិ, គិតជាខ្នងផ្ទះចំនួន៩៣៣ ស្មើរ១០០៥ គ្រួសា។ លិចផ្លូវចំនួន១០ខ្សែ-សាលារៀនចំនួន០២កន្លែង មណ្ឌលសុខភាព០១កន្លែង វត្តអារាមចំនួន០៣ កន្លែង សាលាសង្កាត់ចំនួន០២កន្លែង-ប៉ុស្តិ៍រដ្ឋបាលចំនួន០២កន្លែង ។
ចំនែក លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ចំនួន២៨គ្រួសារ ក្នុងភូមិជ័យឧត្តម សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ក៏រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង អស់រយៈពេល៥ថ្ងៃហើយ ទើបតែនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ស្ថានភាពទឹក កាន់តែឡើងខ្លាំង បណ្តាលឱ្យជន់លិចចូលដល់ក្រោមផ្ទះ ក្នុងផ្ទះតែម្តង។
នៅក្នុងភូមិជ័យឧត្តម ឬភូមិគោកខ្សាច់ មានពលរដ្ឋរស់នៅសរុបប្រមាណជា២៣៧ខ្នងផ្ទះ ហើយប៉ុន្មានថ្ងៃមកនេះភ្លៀងធ្លាក់នៅប៉ែកខាងលើជាប់ៗគ្នា ធ្វើឱ្យទឹកជន់ជោ បណ្តាលឱ្យលិចភូមិជ័យឧត្តម រយៈពេល៥ថ្ងៃហើយ ប៉ុន្តែលិចតែវាលទំនាប និងផ្លូវដែរទាបៗទេ តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹង។
ស្រាប់តែនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ស្ថានភាពហក់ឡើងខ្លាំង ទឹកជន់លិចក្រោមផ្ទះ ក្នុងផ្ទះ មានផ្ទះមួយចំនួនរកកន្លែង ដេកមិនបាន មានតែកល់ក្តាទំនើរ ជាបណ្តោះអាសន្ន ។ ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ទៀតនោះ វានឹងធ្វើឱ្យទឹកកាន់តែឡើងខ្លាំង ហើយការប៉ះពាល់ផ្ទះសម្បែង កាន់តែច្រើនបន្ថែមទៀត ។
ឯស្ថានភាពទឹកជំនន់ក្នុងខណ្ឌកំបូល សង្កាត់បឹងធំ ទឹកជន់លិច ចំនួន៣ភូមិ មានភូមិដូចកុក ភូមិខ្ចៅ ភូមិអន្លង់ស្វាយ សរុបចំនួន១០០ខ្នងផ្ទះ៕