គណៈប្រតិភូទស្សនកិច្ច មជ្ឈមណ្ឌលវេជ្ជសាស្ត្របូរាណចិន ដឹកនាំដោយ រដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្រាប់ជំងឺមហារីក និងទឹកនោមផ្អែម
ភ្នំពេញ៖ នាឱកាសនៃការអញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញចូលរួម វេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានី ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើទស្សនកិច្ចទៅកាន់មន្ទីរពេទ្យ Guang’ anmen នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងសុខាភិបាល ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីលោកវេជ្ជបណ្ឌិត Liu Zhen នាយកមន្ទីរពេទ្យ Guang’ anmen ។ មន្ទីរពេទ្យ Guang’ anmen (GAMH) គឺជាមន្ទីរពេទ្យ នៃវេជ្ជសាស្ត្របុរាណចិន (TCM) និងវិទ្យាស្ថានវេជ្ជសាស្ត្រលំដាប់ទីពីរ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិន (CACMS) ស្ថិតក្រោមការដឹកនាំរបស់រដ្ឋបាលជាតិវេជ្ជសាស្រ្តបូរាណចិន (NATCM) ដោយផ្ទាល់។
មន្ទីរពេទ្យបានផ្តល់នូវការថែទាំវេជ្ជសាស្រ្ត និងការបង្ការ សម្រាប់អ្នកជំងឺ ការបណ្តុះបណ្តាលសម្រាប់អ្នកជំនាញសុខភាព និងធ្វើការស្រាវជ្រាវ សម្រាប់ការថែទាំកាន់តែប្រសើរឡើងដល់អ្នកជំងឺរបស់ខ្លួន ។ មន្ទីរពេទ្យ Guang’ anmen ជាមន្ទីរពេទ្យរដ្ឋ ដែលមានបេសកកម្មផ្តល់នូវការថែទាំសុខភាព ជាមន្ទីរពេទ្យគំរូ និងជាមជ្ឈមណ្ឌលវេជ្ជសាស្ត្របូរាណចិន សម្រាប់ជំងឺមហារីក និងទឹកនោមផ្អែម។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងគណៈប្រតិភូ បានអញ្ជើញពិនិត្យការផ្តល់សេវានៅផ្នែកក្រពេញអង់ដូគ្រីន និងសង្គ្រោះបន្ទាន់។
ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងអំណរគុណ និងលើកទឹកចិត្តភាគីមិត្តចិន បន្តពង្រីកកិច្ចសហប្រតិបត្តិការ បន្ថែមលើវិស័យសុខាភិបាល ដើម្បីពង្រឹងចំណងមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល អណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕