កម្មវិធីសំណេះសំណាល ឯកឧត្តម ឡាវ វ៉ាន់ ជាមួយនិស្សិត អាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលកំពុងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រង និស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន កាលពីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង បានអញ្ជើញជួបសំណេះសំណាលជាមួយ និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ហៅកាត់ថា សមាគម អ.ម.ត) និងនិស្សិតខ្មែរកំពុងសិក្សាក្នុងរដ្ឋធានីប៉េកាំង ចំនួន៩០នាក់ ។

ឯកឧត្តម ឡាវ វ៉ាន់ ថ្លែងក្នុងឱកាសនោះ បានពាំនាំនូវការសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍សមាគម អ.ម.ត ជូនដល់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅក្នុងប្រទេសចិន។ ឯកឧត្តម ឡាវ វ៉ាន់ តែងចាត់ទុកស្ថានភាពជាក់ស្តែងរបស់និស្សិតកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន គឺជាគោលដៅអាទិភាពនៅក្នុងផែនការសកម្មភាពរបស់ក្រុមការងារ ។

ឯកឧត្តម ឡាវ វ៉ាន់ បានគាំទ្រឆន្ទៈនិស្សិតកម្ពុជាទាំងអស់ ឆ្លៀតក្នុងពេលទទួលទានអាហារល្ងាចរួមគ្នាជាមួយនិស្សិតកម្ពុជា ដែលបានប្រកាន់ភ្ជាប់នូវស្មារតីសាមគ្គីភាពជាធ្លុងមួយក្នុងន័យថា «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ»។ ជាមួយគ្នានេះផងដែរ និស្សិតក៏បានប្រើប្រាស់ឱកាសនេះជាវេទិកាពិភាក្សាយ៉ាងស្និទ្ធស្នាលនិងកក់ក្តៅដោយបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនជុំវិញបរិយាកាសសិក្សា និងការរស់នៅ ព្រមទាំងចូលរួមចែករំលែកដំណោះស្រាយទុកជាបទពិសោធន៍សម្រាប់មិត្តនិស្សិតដទៃទៀតផងដែរ។

បន្ថែមពីលើនេះ ឯកឧត្តម ឡាវ វ៉ាន់ ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចគាំទ្រពីអាណាព្យាបាលលើការសិក្សារបស់និស្សិតទាំងអស់គ្នា ហើយឯកឧត្តមបានបន្តការលើកទឹកចិត្តដល់និស្សិតទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាព និងបំណិន ព្រមទាំងរួមសាមគ្គីគ្នា ចូលរួមចំណែកអភិវឌ្ឍន៍ជាតិមាតុភូមិក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា៕