រងគ្រោះដោយជំនន់ទឹកភ្លៀង រោងចក្រសហគ្រាសចំនួន១៧ តែ៤បានផ្អាកបណ្ដោះអាសន្ន
ភ្នំពេញ៖ នៅប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យតំបន់មួយចំនួន ជាពិសេសនៅរាជធានីភ្នំពេញ ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ បានរងការជន់លិចដោយជំនន់ទឹកភ្លៀង ធ្វើឲ្យប៉ះពាល់ដល់រោងចក្រ សហគ្រាសចំនួន ១៧ បណ្តាលប៉ះពាល់កម្មករនិយជិតចំនួន ៧ ៧២០នាក់ នេះបើតាមមន្រ្តីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹង ។
សហគ្រាសដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងនៅតាមរាជធានី-ខេត្ត បានបង្ហាញឲ្យដឹងថា ជំនន់ទឹកភ្លៀងបានបណ្តាលឲ្យរោងចក្រសហគ្រាសចំនួន១៧ រងការជន់លិច ក្នុងនរួមមាននៅរាជធានីភ្នំពេញ ប៉ះពាល់កម្មករចំនួន ២ ២១២នាក់ ខេត្តកំពង់ស្ពឺ ប៉ះពាល់កម្មករចំនួន ៤ ៧៤៧នាក់ និងខេត្តតាកែវ ប៉ះពាល់កម្មករចំនួន ៧៦១នាក់ នេះយោងតាមរបាយការណ៍រោងចក្រ ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម កត្តា អ៊ន មានប្រសាសន៍ប្រាប់ទូរទស្សន៍ប៊ីធីវីថា ក្នុងចំណោមរោងចក្រដែលរងផលប៉ះពាល់ទាំង ១៧ ខាងលើក្នុងនោះចំនួន ១៣ ជំនន់ទឹកភ្លៀងបានលិចផ្លូវបរិវេណជុំវិញរោងចក្រ ប៉ុន្តែមិនប៉ះពាល់ដល់អគារផលិតផ្សេងៗនោះទេដោយរោងចក្រទាំងនោះបើកដំណើរការជាធម្មតា ។ ឯកឧត្តម បានបន្តថា ចំពោះរោងចក្រចំនួន ៤ផ្សេងទៀត គឺជំនន់ទឹកភ្លៀងបានហូរចូលទៅដល់អគារផលិត ដែលធ្វើឲ្យម្ចាស់រោងចក្រ ធ្វើការផ្អាកដំណើរការការងារសិន ហើយប្រសិនបើប៉ុន្មានថ្ងៃទៀតនេះ ភ្លៀងមិនបន្តទេ រោងចក្រទាំង៤នេះ នឹងត្រឡប់ចូលធ្វើការធម្មតាវិញ រវាងថ្ងៃទី២០ និង២៣ ខែតុលានេះ។
ពាក់ព័ន្ធករណីខាងលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ទាំងនិយោជក និងកម្មករនិយោជិតទាំងអស់ ក្នុងករណីមានការចាំបាច់ ឬករណីមានអាសន្ន ត្រូវមានការទាក់ទងតាមប្រព័ន្ធ Hotline លេខ ១២៩៧ ឬតាមរយៈតេឡេក្រាមសម្រាប់និយោជក និងតាមរយៈកម្មករនិយោជិត ដើម្បីឲ្យអាជ្ញាពាក់ព័ន្ធ ក៏ដូចជាក្រសួង មានអន្តរាគមន៍ទាន់ពេលវេលា ដើម្បីធានាសុវត្ថិភាពជូនកម្មករនិយោជិត និងនិយោជក ក្នុងអំឡុងពេលមានទឹកជំនន់ភ្លៀងនេះ៕