ឧបនាយកដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា ប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស និងគោរមងារសន្តិបណ្ឌិត ដល់ឥស្សរជនជ័យលាភី ៤រូប
កណ្ដាល ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម ឧបនាយកដ្ឋមន្រ្តី អភិសសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្របណ្ឌិតកិត្តយស និងគោរមងារសន្តិបណ្ឌិត ដល់ឥស្សរជនជ័យលាភី ចំនួន ៤រូប ។
ឥស្សរជនជ័យលាភីរួមមាន ៖ ឯកឧត្តម ឡូយ សុផាត ឯកឧត្តម យូ ស៊ុនឡុង ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ។
ក្នុងពិធីនេះ ឯកឧត្តម នាយឧត្ដមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានរាយការណ៍ពីដំណើរពិនិត្យ និងវាយតម្លៃក្នុងការជ្រើសរើស បេក្ខជនជ័យលាភីសញ្ញាបត្របណ្ឌិតកិត្តិយស ដោយផ្អែកលើលក្ខណវិនិច្ឆ័យ ចំនួន៩ ប្រកបដោយតម្លាភាព និងសុក្រឹតភាព ព្រមទាំងលើកឡើងអំពី គុណកថារបស់ឥស្សជនជ័យលាភីទាំង ៤រូប ដែលបង្ហាញអំពីគុណវុឌ្ឍិ សា្នដៃ បទពិសោធន៍ ការចូលរួមអភិវឌ្ឍសង្គមជាតិ និងសមត្ថភាពដឹកនាំបញ្ជាក្នុងវិស័យសន្តិសុខ អស់រយៈកាលជាង៤០ឆ្នាំ ដើម្បីបម្រើជាតិនិងប្រជាពលរដ្ឋ។
ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម ឧបនាយកដ្ឋមន្រ្តី អភិសន្តិបណ្ឌិត ស សុខា បានអបអរសាទរចំពោះជ័យលាភី«បណ្ឌិតកិត្តិយស»និងគោរមងារ «សន្តិបណ្ឌិត» ទាំង៤រូប ព្រមទាំងថ្លែងអំណរគុណដល់គណៈកម្មការវាយតម្លៃលក្ខណសម្បត្តិ និងស្នាដៃរបស់បេក្ខជនទាំងថ្នាក់ជាតិនិងអន្តរជាតិ និងបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំរៀបចំនិងចាត់ចែងឲ្យមានព្រឹត្តិការណ៍នេះកើតមានឡើង ដើម្បីជាការផ្តល់ការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំដែលមានស្នាដៃឆ្នើមនិងមានគុណសម្បត្តិចំពោះជាតិ និងមាតុភូមិ៕