កម្ពុជា ស្នើវៀតណាម ពន្លឿនការចរចា តភ្ជាប់ផ្លូវល្បឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ

ភ្នំពេញ៖  សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើដល់ប្រធានាធិបតីវៀតណាម ពាក់ព័ន្ធនឹងការពន្លឿនការចរចា នៃការ តភ្ជាប់ផ្លូវល្បឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដែលការតភ្ជាប់នេះ នឹងជួយសម្រួលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងឱកាសចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ។

ក្នុងជំនួបនេះ ឯកឧត្តម វ៉ វ៉ាន់ធឿង ប្រធានាធិបតីវៀតណាម បានសម្តែងសុទិដ្ឋិនិយមថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងអាចអនុវត្ត ដោយជោគជ័យនូវរាល់គោលនយោបាយនានា ដែល បានដាក់ចេញគ្រប់កម្រិត ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ។

ឯកឧត្តម វ៉ វ៉ាន់ធឿង ក៏បានបញ្ជាក់បន្ថែមថា វៀតណាម នៅតែរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិត ស្និទ្ធជាមួយកម្ពុជា ដើម្បីផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជនទាំងពីរ ។

ក្នុងនោះសម្តេចធិបតី បានកត់សម្គាល់ដោយក្តីរីករាយចំពោះការរីកចម្រើន នៃទំនាក់ទំនងលើគ្រប់វិស័យ ដោយក្នុងនេះ ទំហំពាណិជ្ជកម្មទ្វេភាគី និងចំនួនភ្ញៀវទេសចរ រវាងប្រទេសទាំងពីរ ក៏មានការកើនឡើងជាលំដាប់ ហើយកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការពារជាតិ និងការបណ្តុះបណ្តាលធនធានមនុស្ស ក៏មានភាពសកម្មជិតស្និទ្ធផងដែរ។

ឆ្លៀតឱកាសនោះ សម្តេចធិបតី ក៏បានស្នើ ប្រធានាធិបតីវៀតណាម ពាក់ព័ន្ធនឹងការពន្លឿនការចរចា នៃការ តភ្ជាប់ផ្លូវល្បឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដែលការតភ្ជាប់នេះ នឹងជួយសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ ។

សូមជម្រាបជូនថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នឹងត្រូវតភ្ជាប់ជាមួយគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់ប្រទេសវៀតណាម ដែលរំពឹងថានឹងរួចរាល់ក្នុងពេលដំណាលគ្នា៕