អាមេរិក៖ ត្រៀមសម្រាប់សង្គ្រាម ជាមួយចិន និងរុស្ស៊ី

សហរដ្ឋអាមេរិក៖ នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាព និងពង្រីកជាបន្ទាន់ទាំងឃ្លាំងអាវុធនុយក្លេអ៊ែរ និងយោធាធម្មតា ដើម្បីប្រឈមមុខនឹងកម្លាំងរួបរួម ដែលអាចនឹងកើតឡើងរបស់ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង នេះយោងតាម គណៈកម្មាការស្ថានភាពយុទ្ធសាស្ត្ររបស់សភាបានអះអាង ។

គណៈកម្មាការបាននិយាយថា “សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តត្រូវតែត្រៀមខ្លួន ដើម្បីរារាំង និងកម្ចាត់សត្រូវទាំងពីរក្នុងពេលដំណាលគ្នា ។ សណ្តាប់ធ្នាប់អន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិក និងតម្លៃដែលខ្លួនរក្សា គឺមានគ្រោះថ្នាក់ពីរបបផ្តាច់ការរបស់ចិន និងរុស្ស៊ី” បើយោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹង ។

មន្ត្រីជាន់ខ្ពស់ ដែលពាក់ព័ន្ធនៅក្នុង របាយការណ៍នេះបានប្រាប់សារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ខណៈពេលដែលគណៈកម្មការ មិនបានកំណត់អត្តសញ្ញាណភស្តុតាងជាក់លាក់ណាមួយ របស់ប្រទេសរុស្ស៊ី និងចិនដែលកំពុងធ្វើការជាមួយគ្នា “យើងបារម្ភ … ប្រហែលជាមានការសម្របសម្រួលចុងក្រោយ រវាងពួកគេតាមមធ្យោបាយណាមួយ ដែលនាំឱ្យយើងឈានដល់ការបង្កើតសង្រ្គាមទាំងពីរនេះ” ។ យុទ្ធសាស្ត្រសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបច្ចុប្បន្ន អំពាវនាវឱ្យកម្ចាត់សត្រូវធំមួយ និងរារាំងមួយទៀត ។

គណៈកម្មាការបានអះអាងថា ការគំរាមកំហែងរួមគ្នាពីប្រទេសចិន និងរុស្ស៊ីនឹងក្លាយទៅជាធ្ងន់ធ្ងរនៅដើមឆ្នាំ២០២៧ ដូច្នេះ “ការសម្រេចចិត្តត្រូវតែធ្វើឡើងឥឡូវនេះ ដើម្បីឱ្យប្រទេសជាតិត្រូវបានរៀបចំឡើង” ។ អនុសាសន៍បានរកឃើញចំនួន ១៣១ និង ៨១ នៅក្នុងរបាយការណ៍ បង្ហាញពីតម្រូវការសម្រាប់ការពង្រីកដ៏ធំនៃកងកម្លាំងប្រដាប់អាវុធធម្មតា និង កងកម្លាំងនុយក្លេអ៊ែរ ៕