ម្តាយបុរសកើតរោគចិត្តម្នាក់ បានរាយការណ៍ទៅសមត្ថកិច្ច ឲ្យស្វែងរកម្ចាស់រថយន្តប្រគល់ឲ្យវិញ

កណ្តាល៖ មានជំងឺផ្លូវចិត្ត ដោយសារតែមានប័ណ្ណសម្គាល់ដែលចេញដោយមន្ទីរពេទ្យ ជាបុរសម្នាក់ ដែលត្រូវបានគេដឹងថា បានលួចរថយន្តមន្ត្រីយោធាម្នាក់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ មានហេតុការណ៍កើតឡើង នៅ ផ្លូវ១០៩ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រថយន្តមានឈ្មោះ កាំង សំណាង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា មានទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំណែករថយន្តដែលបាត់នោះមានម៉ាក Isuzu ពណ៌ស ផលិតឆ្នាំ២០០៩ ផ្លាកលេខ ភ្នំពេញ 2BQ-8540 (រកឃើញវិញ)។ រីឯជនសង្ស័យមានឈ្មោះ វ័រ វិបុល ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅ ភូមិតាម៉ៅ ឃុំរាធរ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ក្នុងនោះជនសង្ស័យ មានប័ណ្ណសំគាល់ផ្នែកជំងឺផ្លូវចិត្ត មួយសន្លឹក ចេញដោយមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត និងមានប័ណ្ណបើកថ្នាំ ជំងឺសសៃប្រសាទ ចំនួន ០៥សន្លឹក របស់មន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ដែលជារបស់ជនសង្ស័យដោយផ្ទាល់។

នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានចតរថយន្តរបស់ខ្លួន នៅផ្លូវកែង១០៩ ដោយភ្លេចដកកូនសោរ ហើយបានដើរ ចូលទៅញាំកាហ្វេនៅក្នុងហាងមួយក្បែនោះបាត់ទៅ បើយោងតាមកំណត់ហេតុពីសមត្ថកិច្ចបង្ហាញ។

បន្ទាប់មកតាមរយៈកាមេរ៉ាសុវត្ថិភាព ក៏ស្រាប់តែឃើញមានជនសង្ស័យម្នាក់ ភេទប្រុស ដោះអាវ ពណ៌ក្រហម បង់ក ស្លៀកខោជើងវែង ពណ៌ស បានដើរមកហើយឡើងបើករថយន្តរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ទៅ។

ក្រោយទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះរួចមក កម្លាំងប៉ុស្តិ៍តាខ្មៅ សហការជាមួយកម្លាំងអធិការដ្ឋានក្រុងតាខ្មៅ និងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ព្រមទាំងប៉ុស្តិ៍នគរបាលរាធរ នៃអធិការដ្ឋាននគរបាលស្រុកព្រះស្តេច ខេត្តព្រៃវៃង បានស្ទាក់ចាប់បានជនសង្ស័យព្រមទាំងរថយន្តខាងលើ ដើម្បីចាត់ការតាមនីតិវិធីតែម្តង។