ក្រោយបរិបទកូវីដ១៩ សមាជិកSME ១៥០នាក់ ទទួលចំណេះដឹងពីការអភិវឌ្ឍន៍អាជីវកម្ម
បន្ទាយមានជ័យ៖ “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩” ជាកម្មវិធីសិក្ខាសាលាលើប្រធានបទដ៍សំខាន់ដែលត្រូវបាន សមាជិកក្នុងវិស័យសហគ្រាសចំនួនជាង១០០នាក់ ចូលរួមពិភាក្សាពិគ្រោះយោបល់ នៅក្នុងអង្គសិក្ខាសាលាមួយរៀបចំឡើងនៅក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣នេះ។
កម្មវិធីសិក្ខាសាលា បានផ្តល់ចំណេះដឹងលើការអភិវឌ្ឍន៍អាជីវកម្ម ក្រោយបរិបទកូវីដ១៩ ទៅដល់សមាជិក សមាជិកា របស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ខេត្តបន្ទាយមានជ័យនេះ ត្រូវបានរៀបចំនិងដឹកនាំដោយលោក តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដោយមានការអញ្ជើញចូលរួមបើកកម្មវិធីក្រោមអធិបតីភាពរបស់ ឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាល រង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ ជាមួយការបិទកម្មវិធី ក្រោមអធិបតីភាពលោក ញ៉ីល ប៊ុនធឿន ប្រធានមន្ទីឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ តំណាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ព្រមទាំងដៃគូសហការឧបត្ថម្ភនានាមានដូចជា សហគ្រិនខ្មែរ សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ធនាគារ វីង (ខេមបូឌា) ម.ក និងដៃគូសហការផ្សេងៗទៀត និងមានSMEចូលរួមចំនួន ១៥០នាក់។
សូមជម្រាបជូនថា កម្មវិធីសិក្ខាសាលាដែលផ្តោតលើការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩ នេះគឺក្នុងគោលបំណងដើម្បីផ្តល់ចំណេះដឹងនិងអត្ថប្រយោជន៍រួមទាំងទទួលបានការយល់ ដឹងពីព័ត៌មានទាក់ទងនឹងបទបញ្ញាតិនានាសម្រាប់ដល់សហគ្រាសធុនតូច និងមធ្យមនៅទូទាំងប្រទេសកម្ពុជា៕