ថ្លៃបន្តិចពិតមែនតែផ្កាអំបិលកំពតសម្បូរដោយសារធាតុចិញ្ចឹមល្អៗសម្រាប់មនុស្ស
កំពត៖ ផ្កាអំបិលមានគុណភាព និងសារៈប្រយោជន៍ល្អជាងអំបិលគ្រួសធម្មជាតិ នៅត្រង់ថា ផ្កាអំបិលមានសារធាតុខនិជនឹងរ៉ែសំខាន់ៗ ជាពិសេសរ៉ែ ដែលសារពាង្គកាយមនុស្សត្រូវការនេះបើតាមអ្នកជំនាញបានប្រាប់ឱ្យដឹង។
ប្រធានសិប្បកម្មផលិត និងវេចខ្ចប់ផ្កាអំបិល និងអំបិលអនាម័យថូង អិនធ័រប្រាយស៍ លោក ប៊ុន ណារិន នៅស្រុកទឹកឈូ ខេត្តកំពត បានឱ្យដឹងថា ជាទូទៅផ្កាអំបិលចាប់ផ្ដើម កកើតចន្លោះពីម៉ោង១០ ព្រឹករហូតដល់ ៣រសៀល ។ ហើយការប្រមូលផលវិញគេត្រូវប្រមូលផ្កាអំបិល ដែលលេចផុសចេញពីផ្ទៃទឹកបន្តិចដោយប្រមូលថ្នមៗបំផុតជាមួយការប្រើស្បៃ ឬប្រើដៃ កន្ទ្រងសម្រាប់ត្រងប្រមូល។
លោកបន្តថា ពេលវេលាដែលប្រមូលផ្កាអំបិលល្អៗបាន គឺនៅចន្លោះម៉ោង ២ រហូតដល់ ម៉ោង៣រសៀល បើហួសម៉ោងនេះផ្កាអំបិលនឹងធ្លាក់ចុះក្រោមក្លាយជាអំបិលគ្រោះវិញ។
ក្នុងនោះផងដែរ លក្ខខណ្ឌដើម្បីបង្កើតផ្កាអំបិលបាន ល្គឹះណាមានកម្តៅពន្លឺព្រះអាទិត្យ និងខ្យល់ គ្រប់គ្រាន់ ប្រសិនជាមិនមានលក្ខខណ្ឌទាំងនេះទេ ផ្កាអំបិលមិនអាចធ្វើបានឡើយ។
ឥឡូវមកដឹងពីសារៈប្រយោជន៍វិញដោយលោកបន្ថែមថា ផ្កាអំបិលមានតម្លៃថ្លៃបន្ដិច គឺក្នុងមួយគីឡូក្រាមមានតម្លៃ ១៥ដុល្លារ។ មូលហេតុដែលមានតម្លៃខ្ពស់ព្រោះផ្កាអំបិលពិបាកផលិត ត្រូវការមានខ្យល់ ពន្លឺព្រះអាទិត្យ បញ្ជូលគ្នា ទើបមានផ្កាអំបិល ពិសេសមិនសូវមានច្រើននោះទេ។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺផ្កាអំបិលមានអត្ថប្រយោជន៍ច្រើនសម្រាប់ជួយដល់សុខភាពមនុស្ស ដោយផ្កាអំបិលកំពត មានកម្រិតផ្ទុកសារធាតុចិញ្ចឹមខ្ពស់ រហូតដល់ ៧០មុខ ដែលអាចផ្តល់អត្ថប្រយោជន៍ចាំបាច់បំផុតសម្រាប់សារពាង្គកាយមនុស្ស។
លោកបន្ថែមថា«ផ្កាអំបិលមិនទាន់មានទីផ្សារទូលំទូលាយនៅក្នុងស្រុកទេ ដោយសារតែប្រជាពលរដ្ឋខ្មែរភាគច្រើនមិនស្គាល់ និងមិនទាន់ដឹងពីអត្ថប្រយោជន៍នៃផ្កាអំបិលសម្រាប់សុខភាព។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ផលិតផលផ្កាអំបិល គឺបាននាំចេញមួយចំនួនទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបដូចជាប្រទេសអង់គ្លេស និងប្រទេសស្វីសជាដើម »។
សូមជម្រាបថា ផ្កាអំបិលក្រៅពីធ្វើជាគ្រឿងទេសផ្សំក្នុងម្ហូបអាហារ សម្រាប់បរិភោគប្រចាំថ្ងៃហើយ ផ្កាអំបិលក៏ត្រូវបានគេយក មកផ្សំធ្វើជាគ្រឿងសម្អាង ដូចជាស្ក្រាប់ខាត់ខ្លួនជាដើម។ ផ្កាអំបិលត្រូវបានផលិតលក់នៅទីផ្សារក្នុងស្រុកផង និងនាំទៅទីផ្សារអន្តរជាតិផង ប៉ុន្តែវានៅជាទ្រង់ទ្រាយតូចនៅឡើយទេ។ នៅទីផ្សារក្នុងស្រុក គឺមានតែនៅក្នុងផ្សារទំនើប និងការបញ្ជាទិញពីភោជនីយដ្ឋានតែប៉ុណ្ណោះ ដោយសាតែតម្លៃរបស់វាខ្ពស់ជាងអំបិលគ្រួស ធម្មតា ៕