សម្តេចធិបតីមានប្រសាសន៍សំខាន់ៗ ក្នុងឱកាសជួបជាមួយកម្មករ និយោជិត តាមរោងចក្រសហគ្រាសជិត២ម៉ឺននាក់ នៅខណ្ឌមានជ័យ និងខណ្ឌដង្កោ
ភ្នំពេញ៖ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨ ០៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន២២ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។
សម្តេចធិបតីហ៊ុន ម៉ាណែត មានប្រសាសន៍សំខាន់ៗ ដែលមានខ្លឹមសារដូចខាងក្រោម៖
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ក្រសួងការងារ និងភាគីពាក់ព័ន្ធដែលបានខិតខំ ក្នុងការចរចាលើការកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យកាត់ដេររហូតសម្រេចបានលទ្ធផលចំនួន ២០៤ ដុល្លារសម្រាប់ឆ្នាំ ២០២៤ខាងមុខនេះ។ ដូច្នេះចាប់ពីខែមករា ឆ្នាំ២០២៤ ខាងមុខ ប្រាក់ឈ្នួលអប្បបរមាថ្មីដែលកម្មករនិយោជិតនឹងត្រូវទទួលបាន មានចំនួន ២០៤ ដុល្លារ រួមជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតរក្សាទុកនៅដដែល។
សម្ដេចធិបតីបានបញ្ជាក់ថា ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺត្រូវតែដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតជារៀងរាល់ឆ្នាំទោះបីមានចំនួនតិច ឬច្រើនក៏ដោយ។ នេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានគិតគូរដល់បងប្អូនកម្មករនិយោជិតតាំងពីអាណត្តិមុនៗ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា។
សម្ដេចធិបតី បានថ្លែងថា ទោះពីជាបច្ចុប្បន្នប្រទេសក្នុងតំបន់ ជាពិសេសប្រទេសដែលមានការប្រកួតប្រជែង ក្នុងការនាំចេញផលិតផលកាត់ដេរទៅក្រៅប្រទេសជាមួយកម្ពុជា គឺមិនមានការដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតនោះទេ ដោយសារតែបញ្ហាវិបត្តិសេដ្ឋកិច្ចសាកល។ ប៉ុន្ដែរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តដំឡើងប្រាក់ឈ្នួលដល់កម្មករក្នុងឆ្នាំ ២០២៤ ខាងមុខនេះ។
សម្ដេចធិបតី បានអំពាវនាវដល់ម្ចាស់ផ្ទះជួល សូមជួយរក្សាតម្លៃផ្ទះជួលនៅតម្លៃដដែល កុំដំឡើងថ្លៃចំពោះបងប្អូនកម្មករនិយោជិត។ ចំណែកអគ្គិសនីកម្ពុជា បន្តគិតគូរលើការបញ្ចុះតម្លៃភ្លើងដល់បងប្អូនកម្មករនិយោជិតដដែល។
សម្ដេចធិបតី មានប្រសាសន៍ថា ការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ក៏ដូចជាបណ្ដាក្រសួងស្ថាប័នទាំអស់ នៅពេលទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេស គឺមានគោលដៅចំបងបំផុតធ្វើយ៉ាងណា ដើម្បីទាញផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។
សម្ដេចធិបតី សង្ស័យក្រុមអ្នកវិភាគមួយចំនួន មិនហ៊ាននិយាយសរសើរពីសមិទ្ធផលរបស់កម្ពុជា ពីព្រោះខ្លាចគេនិយាយថា លក់ក្បាល។
សម្ដេចធិបតី សម្ដែងការសោកស្ដាយចំពោះអ្នកវិភាគនៅក្រៅប្រទេសមួយចំនួនតូច ដែលអង្គុយរកតែចំណុចណាមួយដើម្បីរិះគន់ និងនិយាយអាក្រក់ពីប្រទេសកម្ពុជា ដែលឥរិយាបថនេះមិនត្រឹមតែមិនបានជួយលើកមុខមាត់ប្រទេសជាតិនោះទេ ប៉ុន្ដែបែជាធ្វើឱ្យអាប់ឱនដល់មុខមាត់ប្រទេសជាតិទៅវិញ។