នៅតាមទីវត្តអារាម សន្តិសុខសុវត្ថិភាពត្រូវបានកងកម្លាំងសមត្ថកិច្ច យកចិត្តទុកដាក់ការពារ

ភ្នំពេញ៖ មិនថានៅរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តនានានោះទេ តាមទីវត្តអារាមទាំងអស់ គឺត្រូវបានយកចិត្តទុកដាក់ ពីការការពារសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋជាពុទ្ធបរិស័ទ ដែលបានអញ្ជើញទៅកាន់បិណ្ឌដាក់បាត្រ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនញាតិការ ដែលបានចែកកាយរំលាយឋានទៅជាតិខាងមុខ ។

ជាក់ស្តែង ថ្ងៃបិណ្ឌទី០៣ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ នៃពិធីបុណ្យកាន់បិណ្ឌ វត្តនិរោធរង្ស៊ី ដែលជាវត្តមួយក្នុងចំណោមវត្តអារាមជាច្រើន នៅក្នុងខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ ត្រូវបានការពារសន្តិសុខសុវត្ថិភាព ពីកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងប្រជាការពារផងដែរ ។

លោកវរសេនីយ៍ទោ ឡូ ភារម្យ អធិការរងនគរបាលខណ្ឌច្បារអំពៅ បានប្រាប់ឱ្យដឹងថា ពាក់ព័ន្ធនឹងសន្តិសុខសុវត្ថិភាព និងរក្សាបានរបៀបរៀបរយជូនពលរដ្ឋ នៅតាមទីតាំងវត្តអារាម វាជាកាតព្វកិច្ចចាំបាច់ ដែលកងកម្លាំងសមត្ថកិច្ចទាំងអស់ត្រូវសហការគ្នា យកចិត្តទុកដាក់ក្នុងការការពារ និងជាការបង្ការទប់ស្កាត់នូវរាល់សកម្មភាពអសន្តិសុខទាំងឡាយ ដែលអាចកើតមានឡើងបាន ។

ពលរដ្ឋ ជាពុទ្ធបរិស័ទ ដែលបានទៅធ្វើបុណ្យនៅវត្តនិរោធរង្ស៊ី ក៏បានសម្តែងនូវភាពកក់ក្តៅ ដោយមិនមានការព្រួយបារម្ភនោះឡើយ ពីបញ្ហាអសន្តិសុខ ព្រោះពួកគាត់ទាំងអស់គ្នា ក៏បានសង្កេតឃើញ ពីការការពារបានយ៉ាងល្អ និងយកចិត្តទុកដាក់ពីកងកម្លាំងសមត្ថកិច្ចទាំងអស់ផងដែរ៕