ACU ឲ្យស្មៀននឹងចៅសង្កាត់ចោមចៅ១ បំភ្លឺពីការពាក់ព័ន្ធករណីទារប្រាក់ពីប្រជាពលរដ្ឋ ស្នើសុំចុះហត្ថលេខានឹងបោះត្រា មិនបើកប្រាក់លើកទឹកចិត្តសម្រាប់មន្ត្រីជាង ២០០លានរៀល

ភ្នំពេញ៖ នាពេលថ្មីៗនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញលិខិតមួយ ជូនលោកសូរ ភ័ក្រលំព័ង្ស ស្មៀនសង្កាត់ចោមចៅ១ និងលោកចៅសង្កាត់ចោមចៅ១ ដើម្បីសូមការបំភ្លឺពាក់ព័ន្ធករណីទារប្រាក់ថ្លៃសេវាលើគ្រប់ឯកសារដែលប្រជាពលរដ្ឋស្នើសុំចុះហត្ថលេខា និងបោះត្រា និងករណីមិនបានបើកប្រាក់លើកទឹកចិត្តសម្រាប់មន្ត្រីជាង ២០០លានរៀល។

យោងតាមពាក្យបណ្ដឹងដែលអង្គភាពប្រឆាំងអំពើពុករលួយ ទទួលបាននៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២៣ និងស្មារតីអង្គប្រជុំពិនិត្យពាក្យប្ដឹងថ្ងៃទី ៧ខែកញ្ញាឆ្នាំ ២០២៣។

សេចក្តីមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ អង្គភាពប្រឆាំងអំពើពុករលួយសូមជម្រាបលោកថា អង្គភាពបានទទួលនិងពិនិត្យ លើពាក្យប្ដឹងដែលបានលើកឡើងថា លោកនឹងលោក គង់ វង ចៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានទារប្រាក់ថ្លៃសេវាតាមតែអំពើចិត្ត លើគ្រប់ឯកសារនៅពេលដែលប្រជាពលរដ្ឋ ស្នើសុំចុះហត្ថលេខា និងបោះត្រា ដោយមិនអនុវត្តតាមតារាងតម្លៃសេវាច្រកចេញចូលតែមួយ។ ហើយចំពោះការស្នើសុំជួសជុលឬ សាងសង់ លោកនិងលោក កង វង តែងតែគំរាមដកហូតសម្ភារៈសាងសង់ របស់ប្រជាពលរដ្ឋ ជាងនេះទៅទៀត រូបលោក និងលោក កង វង ចៅសង្កាត់ចោមចៅ១ មិនបានបើកប្រាក់២០០ លានរៀល ចាប់តាំងពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០ ជូនដល់មន្ត្រីឡើយ។ សេចក្តីដូចបានរៀបរាប់ខាងលើ សូមលោកមកបំភ្លឺករណីនេះ នៅអង្គភាពប្រឆាំងអំពើពុករលួយវិញ ឲ្យបានឆាប់ហើយការបំភ្លឺរបស់លោក គឺជាមូលដ្ឋានសម្រាប់អង្គភាពប្រឆាំងអំពើពុករលួយ ពិចារណាថា ត្រូវសម្រេចបញ្ចប់នីតិវិធី ឬត្រូវបន្តលើពាក្យប្ដឹងនេះ៕