នាយឧត្តមសេនីយ៍ វង្ស ពិសេន កម្លាំងពិសេសប្រឆាំងភេរវកម្មត្រូវហ៊ានពលីគ្រប់យ៉ាង ដើម្បីជាតិ និងប្រជាជន

ភ្នំពេញ៖ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បាន​ផ្តាំទៅកាន់មេបញ្ជាការ បញ្ជាការដា្ឋនជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ត្រូវតែហ៊ានពលីគ្រប់បែប​យ៉ាងទាំងអស់ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ ប្រជាជន និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង ប្រធាននាយកដ្ឋានពិសសប្រឆាំង​ភេរវកម្ម កាលរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ​នាយឧត្តមសេនីយ៍ ​វង្ស ពិសេន​ បានលើកឡើងថា ​ក្នុងនាមបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ​ត្រូវ​អនុវត្តឲ្យបានខ្ជាប់ខ្ជូន «ដោយ​ក្នុងនោះ​ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា​ ព្រះមហាក្សត្រ លើកកម្ពស់​មនសិការ​ស្នេហាជាតិ ​ស្មោះត្រង់ដាច់ខាតចំពោះរាជរដ្ឋាភិបាល ​គោរព​ឱ្យបានម៉ឺងម៉ាត់​ នូវបទបញ្ជា ​លក្ខន្តិកៈ បទវិន័យ​ទូទៅរបស់កងយោធពលខេមរភូមិន្ទ ​និង​គោរពច្បាប់​នានារបស់រដ្ឋ ហ៊ានធ្វើពលិកម្ម​គ្រប់បែបយ៉ាង ដើម្បីការពារជាតិ​ និងការពាររាជរដ្ឋាភិបាល។ ​ត្រូវពង្រឹង​ការងារអប់រំចិត្តសាស្ត្រ អត្តចរិត​ វិន័យ សីលធម៌ អនុវត្តយ៉ាង​ម៉ឺងម៉ាត់​តាមការដឹកនាំរបស់ថ្នាក់លើ សំដៅធានា​បាននូវភាពស្មោះត្រង់ដាច់ខាតចំពោះរាជរដ្ឋាភិបាល»។

នាយឧត្តមសេនីយ៍ ​ក៏បានផ្តាំដល់មេបញ្ជាការអង្គភាពថ្មី ​ដែលបានធ្វើការប្រកាសនាពេលនេះ ត្រូវបន្តភក្តីភាពឥតងាករេចំពោះជាតិ សាសនា ​ព្រះមហាក្សត្រ ​ពិសេសចំពោះរាជរដ្ឋាភិបាល ដែលដឹកនាំ​ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងបន្តខិតខំយកចិត្តទុកដាក់ប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ច ដឹកនាំអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំង​ពិសេសប្រឆាំង​ភេរវកម្ម ឲ្យកាន់តែរឹងមាំរៀបរយ រួមចំណែកកសាងអភិវឌ្ឍន៍​កងយោធពលខេមរភូមិន្ទ ​ក៏ដូចជាប្រទេសជាតិឱ្យកាន់​តែរីកចម្រើនផងដែរ។

នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ​អគ្គមេបញ្ជាការកងទ័ព ​រំលេចស្នាដៃ​របស់អង្គភាព​ប្រឆាំង​ភេរវកម្មថា​បានដើរតួយ៉ាងសំខាន់ ក្នុងកិច្ចសហការការពាររាជធានីភ្នំពេញ និងបណ្តា​ខេត្តជាប់​សមុទ្រឱ្យមាន​ សុខសុវត្ថិភាព និងត្រៀមដោះស្រាយគ្រប់យថាហេតុ​ដែលកើត​មានអំពើភេរវកម្មតាមគ្រប់រូបភាព​ ទទួលបានលទ្ធផលគួរជាទីមោទនៈ។ ​បានបំពេញភារកិច្ច សម្រេច​បានស្នាដៃធំៗជូនជាតិ​ និងប្រជាជនកម្ពុជា ​រួមចំណែកក្នុងកិច្ចការពារបូរណភាពទឹកដី ការពារសន្តិភាព ​សន្តិសុខ ​រក្សាស្ថិរភាពសង្គមជាតិ ​និងការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់​ខ្ពស់ជាតិ​ និងអន្តរជាតិបានល្អប្រសើរផងដែរ៕