ជួបជុំគ្នាផឹកស្រាបៀរប្រចំាឆ្នាំ ជាបុណ្យទេសកាលនៅអាឡឺម៉ង់បានទាក់ទាញដល់វិស័យទេសចរណ៍
អាឡឺម៉ង់៖ រយៈពេលរហូតដល់ទៅជាង ២សប្តាហ៍ ជាព្រឹត្តការណ៍ជួបជុំពិសារស្រាបៀរប្រចាំឆ្នាំដ៏ធំមួយ ដែលត្រូវបានគេរៀបចំធើ្វឡើងក្នុងទីក្រុង មុយនិច របស់ប្រទេសអាឡឺម៉ង់កាលពីដើមសប្តាហ៍កន្លងទៅ ដោយបានទាក់ទាញក្រុមភ្ញៀវទេសចរឱ្យចូលរួមកម្សាន្តសរុបប្រមាណជា ៣.៤លាននាក់ ។
នៅថ្ងៃទី ៣ ខែតុលាខាងមុខព្រឹត្តការណ៍ជួបជុំគ្នាដ៏ធំនេះនឹងត្រូវបិទបញ្ចប់ ជាពេលវេលាដ៏ពេញនិយមមួយសម្រាប់ក្រុមភ្ញៀវទេសចរមកពីបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីកម្សាន្តជាមួយនឹងការប្រគុំតន្រី ច្រៀងរាំ និងសាកល្បងនូវរស់ជាតិស្រាបៀរផ្សេងៗ។
មានក្រុមភ្ញៀវទេសចរបរទេសជាច្រើននាក់បាននាំគ្នាស្លៀកឈុតសម្លៀកបំពាក់តាមបែបប្រពៃណីរបស់អាឡឺម៉ង់ទាំងបុរសនិងស្រ្តី ដើម្បីបង្ហាញការអបអរសាទរចំពោះឱកាសពិធីបុណ្យទេសកាលស្រាបៀរតាមបែបវប្បធម៌របស់ពលរដ្ឋអាឡឺម៉ង់ដែលមានប្រវត្តិអស់រយៈពេលជាង ២០០ឆ្នាំកន្លងមកហើយ បើតាមការលើកឡើងរបស់អាជ្ញាធរអាឡឺម៉ង់បានឱ្យដឹង។
សូមបញ្ជាក់ដែរថា ពិធីបុណ្យស្រាបៀរប្រចាំឆ្នាំរបស់ពលរដ្ឋអាឡឺម៉ង់ខាងលើនេះ គឺមានប្រវត្តិចេញមកពីព្រឹត្តការណ៍ប្រណាំងសេះមួយក្នុងឱកាសពិធីរៀបចំអាពាហ៍ពិពាហ៍អតីតទាយាទស្តេចអាឡឺម៉ង់ គឺរាជបុត្រ លូវីដ (Ludwig) ជាមួយនិងម្ចាស់ក្សត្រី ថេរីស (Therese) របស់អតីតអាណាចក្រ សាក់សូនី (Saxony) កាលពីឆ្នាំ ១៨១០ ដែលពិធីទេសកាលនេះ បានបន្តទាក់ទាញក្រុមភ្ញៀវទេសចរបរទេសប្រហែលជាង ៦លាននាក់ជារៀងរាល់ឆ្នាំ៕
ប្រភព៖ Reuters