សមិទ្ធផល​នៅវិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ ខេត្តកំពង់ចាម ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់​

កំពង់ចាម៖ អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច និងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក ឯកឧត្តម ហ៊ុន ម៉ានិត កាលពីថ្ងៃទី២៣ ខែកញ្ញាម្សិលម្ងៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ ក្នុងឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលជាអំណោយដ៏ថ្លៃថ្លា​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសប្បុរសជននានា។

ក្នុងឱកាសនោះឯកឧត្តម ហ៊ុន ម៉ានិត បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និង​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ​លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ​និងប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមានក្នុងពិធីនេះ។

ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យក្មួយសិស្សានុសិស្សប្រឹងប្រែងក្នុងការសិក្សា ដើម្បីក្លាយខ្លួន​ជាធនធានមនុស្សដ៏ល្អក្នុងសង្គម និងអាចមានលទ្ធភាពចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការងារកសាងមូលធនមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព និងសក្ដានុពល ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់រីកចម្រើនរុងរឿង និង​សម្បូរ​សប្បាយ។

សមិទ្ធផលទាំងឡាយដែលត្រូវបានសម្ពោធ​ដាក់ឲ្យប្រើប្រាស់នាពេលនេះ រួមមាន៖ អគារសិក្សា​មួយខ្នងមាន ៥បន្ទប់  អគារធនធានមួយខ្នងមាន ៥បន្ទប់  បន្ទប់កុំព្យូទ័រ២បន្ទប់ បំពាក់កុំព្យូទ័រ ៣២គ្រឿង LCD Projector ២គ្រឿង ម៉ាស៊ីនត្រូជាក់ ២គ្រឿង និងម៉ាស៊ីនព្រីន ២គ្រឿង  បន្ទប់​ពិសោធន៍ចំនួន ២បន្ទប់ពិសោធន៍ មួយសម្រាប់មុខវិជ្ជារូបវិទ្យា-ផែនដី និងមួយទៀត សម្រាប់​មុខវិជ្ជាជីវវិទ្យា-គីមី  សាលប្រជុំមួយ បំពាក់ម៉ាស៊ីនត្រជាក់ ចំនួន៤គ្រឿង អាចដាក់សិស្សបានចំនួន ៨០នាក់ បណ្ណាល័យ​សតវត្ស​២១ ចំនួន១ បំពាក់គ្រឿង​សង្ហារឹម សៀវភៅជាង ៣.០០០ក្បាល បន្ទប់សំឡេង១ បន្ទប់អាហារសម្រន់១ ទទួលសិស្សបាន ៥០នាក់ និងបន្ទប់ដែលសល់ ប្រើសម្រាប់​ការងាររដ្ឋបាល ផ្ទះសម្រាប់គ្រូស្នាក់នៅ ១ខ្នងមាន៣បន្ទប់  តារាងបាល់បោះ១កន្លែង បង្គន់​អនាម័យ ១ខ្នង៥បន្ទប់  អណ្តូងស្នប់ និងធុងស្តុកទឹកចំនួនមួយ បណ្ណាល័យ១ខ្នង របងខាងមុខសាលា ប្រវែង១០០ម៉ែត្រ កម្ពស់២ម៉ែត្រ ផ្លូវបេតុង២ខ្សែ ទំហំ៧០០ម៉ែត្រការ៉េ កញ្ចុះចំនួន២ ក្លោងទ្វារសាលា  ឡដុតសម្រាមមួយ។

ក្នុងឱកាសសំណេះសំណាលនេះផងដែរឯកឧត្តម ហ៊ុន ម៉ានិត ក៏បាន​ថ្លែងអំណរ​គុណដល់​ឯកឧត្តមបណ្ឌិត ម៉ឹង មករា ជាប្រធានក្រុមការងារជនបង្គោល​ចុះជួយ​ស្រុកជើងព្រៃ ព្រមទាំង​ថ្នាក់ដឹកនាំផ្សេងៗទៀត​ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការចុះជួយ និង​កសាងអភិវឌ្ឍន៍​ភូមិឃុំ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉ឹង មករា ​ប្រធានក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ​បានរួមចំណែកចុះជួយប្រជាពលរដ្ឋ រួមមាន ​ការកសាងផ្លូវថ្នល់ ​សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក​ ប្រឡាយទឹក ស្រះទឹក ការដាំ​កូនឈើ ព្រមទាំងការងារសេដ្ឋកិច្ចសង្គម​ រួមមាន​វិស័យសុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យកសិកម្ម ដែលជា​សសរស្ដម្ភ​សេដ្ឋកិច្ចជាតិ​ដ៏មានសារៈសំខាន់​សម្រាប់គ្រួសារ​ប្រជាពលរដ្ឋនៅជនបទ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានិត ក៏បាន​នាំ​យក​អំណោយ​របស់​សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ ប្រគល់​ជូន​វិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ​លោក​គ្រូអ្នកគ្រូ និង​សិស្សានុសិស្ស រួមមាន៖ លោក​គ្រូអ្នក​គ្រូ ចំនួន៨៦នាក់ ម្នាក់ៗ​ទទួល​បាន​សៀវភៅ​សរសេរ​១ក្បាល ប៊ិច៤ដើម និងខ្មៅដៃចុច៣ដើម, សិស្សានុសិស្ស ៥៣៣នាក់ ម្នាក់ៗ​ទទួលបានសៀវភៅសរសេរ១ក្បាល ក្រដាស​ឈុតសំបុត្រ១ដុំ ប៊ិច២ដើម ខ្មៅដៃចុច២ដើម ​និងបណ្តូលខ្មៅដៃ៤ប្រអប់ និងជូន​វិទ្យាល័យ​សម្រាប់​ប្រើប្រាស់​ក្នុង​បណ្ណាល័យ​ រួមមាន វចនានុក្រមចំរុះ៥៩ក្បាល ​សៀវភៅ​ពុម្ពមេរៀន​អាន​៦១ក្បាល សៀវភៅ​បង្រៀន​អំពី​សត្វព្រៃជាភាសាបរទេស៦១ក្បាល សៀវភៅ​បង្រៀនអំពីសត្វ​ស្រុកជា​ភាសាបរទេស៦៣ក្បាល សៀវភៅអានជាភាសាបរទេស១០៣ក្បាល ​និង​សៀវ​ភៅរៀន​សរសេរ​ភាសាបរទេស ​និង​គូរ គំនូរ​ ៩៨ក្បាល។ ក្រុមហ៊ុន ​ជីបម៉ុងហ្គ្រូប ​ក៏បានចូលរួម ឧបត្ថម្ភ​ភេសជ្ជៈ ចំនួន ២.៣០០កេស ​សម្រាប់ចែកជូន​ លោកគ្រូអ្នកគ្រូ ​សិស្សានុសិស្ស ​និងប្រជាពលរដ្ឋ ដែល​ចូលរួមក្នុងពិធីនេះផងដែរ​ម្នាក់ៗ​ទទួល​បាន​មួយ​កេស៕