UN លោកណេតានីយ៉ាហ៊ូ បានគំរាមកំហែងវាយប្រហារនុយក្លេអ៊ែរដល់អ៊ីរ៉ង់ ប៉ុន្តែក្រោយមកបានប្រែក្រឡាស់សម្តីទៅវិញ
អ៊ីស្រាអែល៖ លោកបេនចាមីន ណេតានីយ៉ាហ៊ូ ( Benjamin Netanyahu) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃសុក្រ បានព្រមានអ៊ីរ៉ង់ នៅអង្គការសហប្រជាជាតិអំពី«ការគំរាមកំហែងវាយប្រហារនុយក្លេអ៊ែរ» ជាអ្វីដែលការិយា ល័យរបស់លោក បានលើកឡើងផ្សេងពីនេះទៅវិញ។
លោកនាយករដ្ឋមន្ត្រីដែលចូលចិត្តសង្គ្រាមរូបនេះ បាននិយាយថា ការព្រួយបារម្ភទៅលើក្រុមមេដឹកនាំបុព្វជិតរបស់ទីក្រុងតេអេរ៉ង់ កំពុងជំរុញឲ្យអ៊ីស្រាអែលខិតទៅជិតពិភពអារ៉ាប់ ដោយរដ្ឋាភិបាលរបស់លោកស្ថិតនៅលើ «ព្រំដែននៃការទម្លាយភាពជាប់គាំងជាប្រវត្តិសាស្ត្រជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
លោកណេតានីយ៉ាហ៊ូ ដែលបានប្រើវេទិការបស់UNម្តងហើយម្តងទៀត ដើម្បីចេញការព្រមានដ៏ធ្ងន់ធ្ងរចំពោះទីក្រុងតេអេរ៉ង់ បានធ្វើឲ្យមានការផ្អាកមួយរយៈពេលខ្លីនៅឯមហាសន្និបាតនោះ នៅពេលដែលលោកទំនងជាគំរាមវាយប្រហារនុយក្លេអ៊ែរ ប្រសិនបើទីក្រុងតេអេរ៉ង់ បន្តផលិតគ្រាប់បែកបរមាណូរបស់ខ្លួននោះ។
លោកបាននិយាយទៀតថា៖«សំខាន់ជាងនេះទៅទៀតនោះ ប្រទេសអ៊ីរ៉ង់ត្រូវតែប្រឈមមុខនឹងការគំរាមកំហែងនុយក្លេអ៊ែរ ដែលអាចជឿទុកចិត្តបាន ដរាបណាខ្ញុំនៅជានាយករដ្ឋមន្ត្រីរបស់អ៊ីស្រាអែល ខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងតាមអំណាចរបស់ខ្ញុំ ដើម្បីរារាំងប្រទេសអ៊ីរ៉ង់ មិនឲ្យទទួលបានអាវុធនុយក្លេអ៊ែរ»។