ទីផ្សារថ្មីទៅកាន់ប្រទេសចិន​ របស់កម្ពុជា

«ដូងខ្ចីកម្ពុជា»មានទីផ្សារថ្មីទៅកាន់ប្រទេសចិន ក្រោយពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើពិធីសារស្ដីពី«លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន​» ជាមួយអគ្គរដ្ឋបាលគយចិន កាលពីថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២៣ រួចមក។ កម្ពុជានៅតែត្រូវបន្តធ្វើការជាមួយកសិករនិងម្ចាស់ចម្ការ ធ្វើយ៉ាងណាឱ្យពួកគាត់ដាំដុះផ្លែដូង ឱ្យបានស្របទៅតាមស្តង់ដាអនាម័យ និងភូតគាមអនាម័យនេះ ដែលកំណត់ដោយរដ្ឋបាលគយចិន។

អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងបានចាប់ផ្ដើមជូនដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់ ឱ្យរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីសម្រាប់នាំចេញទៅកាន់ប្រទេសចិន។ អគ្គនាយកដ្ឋានកសិកម្មនឹងចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេស មុននឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែដូងខ្ចីទៅកាន់ភាគីចិន នៅដើមខែធ្នូ ឆ្នាំ២០២៣ខាងមុខ ដើម្បីភាគីចិនពិនិត្យនិងវាយតម្លៃបញ្ចប់ មុននឹងឈានដល់ការនាំចេញជាផ្លូវការ។

សូមបញ្ជាក់ដែរថា គិតត្រឹមឆ្នាំ២០២២ នៅប្រទេសកម្ពុជាសព្វថ្ងៃ មានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ម៉ឺន៧ពាន់ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ១ម៉ឺន៤ពាន់ហិកតា។ ចំណែកទិន្នផលសរុបនៅក្នុងឆ្នាំ២០២២ នៅទូទាំងប្រទេស មានចំនួនសរុប ២៤ម៉ឺន៨ពាន់តោន៕