សូមប្រុងប្រយ័ត្ន! បើមានសញ្ញា លើក្មេង ឬចាស់ថាកើតគ្រុនឈាម

ជំងឺគ្រុនឈាមអាចកើតលើមនុស្សគ្រប់វ័យ បង្កឡើងដោយមូសខ្លាញីខាំបឺតឈាមចម្លងមេរោគគ្រុនឈាមពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ខាងក្រោមនេះជារោគសញ្ញានៃជំងឺគ្រុនឈាម ដែលយើងចាំបាច់ត្រូវដឹង និងមានការប្រុងប្រយ័ត្នខ្ពស់។

១- រោគសញ្ញាជំងឺគ្រុនឈាម

– ក្តៅខ្លួនខ្លាំង លើស៣៨ អង្សារសេ

– ឈឺក្បាល

– ឈឺសន្លាក់ដៃជើង និងសាច់ដុំ

– ស្នាមអុចក្រហមលើស្បែក

– អាចមានជាអាការៈចុកនៅក្នុងពោះក្អួតចង្អោរ។

បើតាមប្រភពពីមន្ទីរពេទ្យកាល់ម៉ែត ខាងលើនេះគ្រាន់តែជារោគសញ្ញាដំបូងនៃជំងឺគ្រុនឈាមប៉ុណ្ណោះ ដែលជាទូទៅរយៈពេលពី ៣- ៤ថ្ងៃបន្ទាប់ អ្នកជំងឺអាចស្តែងចេញរោគសញ្ញាផ្សេងៗដូចជា ហូរឈាមនៅក្នុងភ្នែក ហូរឈាមតាមច្រមុះ ស្នាមជាំនៅលើស្បែក។

ជំងឺគ្រុនឈាមមួយចំនួនអាចវិវត្តទៅរកសភាពធ្ងន់ធ្ងរ បណ្តាលមកពីការហូរឈាមតាមសរីរាង្គនានា មានប្រព័ន្ធរំលាយ អាហារ ស្បែក និងក្នុងខួរក្បាល ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិត។

២- ការព្យាបាលជំងឺគ្រុនឈាម

បើតាមការបញ្ជាក់របស់មន្ទីរពេទ្យកាល់ម៉ែត មកទល់បច្ចុប្បន្ននេះ ការព្យាបាលជំងឺគ្រុនចាញ់ ធ្វើឡើងដើម្បីកាត់បន្ថយ និងទប់ស្កាត់ជំងឺនេះ កុំឲ្យវិវត្តទៅរកសភាពធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់ជីវិតអ្នកជំងឺ។ ការប្រើប្រាស់ថ្នាំប្រភេទ Aspirine ដើម្បីបញ្ចុះកម្តៅ ត្រូវបានហាមឃាត់ព្រោះអាចបណ្តាលឲ្យហូរឈាមខ្លាំង ក្នុងករណីអ្នកជំងឺមានផ្ទុកមេរោគគ្រុនឈាម។

៣. វិធីបង្ការជំងឺគ្រុនឈាម

– លុបបំបាត់ជម្រកមូស

– ការពារពីមូសខាំ (ពេលព្រឹក និងពេលព្រលប់)

– គេងក្នុងមុង (ទាំងថ្ងៃ ទាំងយប់)

– ស្លៀកសម្លៀកបំពាក់ជិតៗ មានពណ៌ចាំង

– ចៀសវាងនៅក្នុងទីងងឹត

– ប្រើផលិតផលការពារមូស (លាបលើស្បែក)។