បង់ក្លាដេស៖ អ្នកស្លាប់រៀងរាល់ថ្ងៃ ចំនួន ២១នាក់ ដោយសារជំងឺគ្រុនឈាម
ដាកា៖ ប្រទេសបង់ក្លាដេសបានទទួលរងគ្រោះ ធ្ងន់ធ្ងរបំផុតដោយសារ ជំងឺគ្រុនឈាមនៅក្នុងឆ្នាំនេះ ខណៈដែលការស្លាប់ដោយសារជំងឺនេះ ឈានដល់កំណត់ត្រាមុន ដែរ បើគិតត្រឹមថ្ងៃពុធម្សិលម្ងៃមួយនេះ បើប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ។
DGHS ជាពាក្យកាត់របស់ អគ្គនាយកដ្ឋានសេវាសុខភាព ស្ថិតក្រោមឳវាទក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសបង់ក្លាដេស បានរាយការណ៍ករណី ជំងឺគ្រុនឈាមថ្មីចំនួន ៣.០១៥ករណី និងការស្លាប់ថ្មីមានចំនួន ២១នាក់គិតត្រឹមថ្ងៃពុធ នាំឱ្យចំនួនសរុបកើនឡើងដល់ ១៧៦.៨១០នាក់ ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ៨៥០នាក់នៅក្នុងឆ្នាំនេះ ។
សូមរំលឹកថា កាលពីមុន នៅថ្ងៃទី២ ខែកញ្ញា អគ្គនាយកដ្ឋាន DGHS បានរាយការណ៍ពីចំនួន អ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត ដែលមានអ្នកស្លាប់ចំនួន២១នាក់ ។
ករណីជំងឺគ្រុនឈាមចំនួន ៥៣.០០២នាក់ ត្រូវបានកត់ត្រារហូតមកដល់ ពេលនេះនៅក្នុងខែកញ្ញា បន្ទាប់ពីមានចំនួន៧១.៩៧៦នាក់នៅក្នុងខែសីហា និងចំនួន៤៣.៨៥៤នាក់នៅក្នុងខែកក្កដា ហើយការស្លាប់វិញសរុបចំនួន ៨៦៧នាក់ រួមមានចំនួន ២៧៤នាក់នៅក្នុងខែកញ្ញា ចំនួន៣៤២នាក់ នៅក្នុងខែសីហា និង ចំនួន ២០៤នាក់នៅក្នុងខែកក្កដា យោងតាមទិន្នន័យរបស់ DGHS បានបង្ហាញឲ្យដឹង។
អគ្គនាយកដ្ឋាន DGHS បានឲ្យដឹងថា ចំនួនសរុបនៃអ្នកជំងឺដែលបានជាសះស្បើយ រហូតមកដល់ពេលនេះនៅក្នុង ប្រទេសមានចំនួន ១៦៥.៦៨០នាក់ រួមទាំងការជាសះស្បើយថ្មីចំនួន ២.៨៣៣នាក់ គិតនៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយមកនេះ ៕