ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា៖ការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនឹងរួមចំណែកកាន់តែខ្លាំងក្លា ថែមទៀតដល់ការលើកកម្ពស់កិត្យានុភាពរបស់កម្ពុជា

ភ្នំពេញ៖     ឧបនាយករដ្ឋមន្ត្រី   រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ  ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា  បានចាត់ទុកការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថាជាការរួមចំណែកកាន់តែខ្លាំងក្លា ថែមទៀតដល់ការលើកកម្ពស់កិត្យានុភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជាទៅកាន់សកលលោក ជាពិសេស ដើរតួនាទីជាកម្លាំងចលករដ៏មានសក្តានុពល បម្រើដល់ឧត្តមប្រយោជន៍ជាតិ និងជំរុញដល់ការអភិវឌ្ឍសង្គមជាតិ ប្រកបដោយចីវភាព។

ការលើកឡើងរបស់ឯកឧត្តមអភិសន្តិបណ្ឌិតយ៉ាងដូច្នេះបានធ្វើឡើងតាមរយៈសារអបអរសាទររបស់ឯកឧត្តម ក្នុងឱកាសនៃការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់ អង្គការ យូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

បន្ថែមលើការចូលរួមសម្តែងអំណរសាទរ ប្រកបដោយមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង ជាមួយបងប្អូនជនរួមជាតិទូទាំងព្រះរាជាណាចក្រកម្ពុជា និងនៅលើសកលលោក ឯកឧត្តមអភិសន្ដិបណ្ឌិត បានឧទ្ទិសនូវសមិទ្ធផលនៃការចុះបញ្ជី បេតិកភណ្ឌនេះ ថ្វាយព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណ ការពារ និងថែរក្សាកេរ្តិ៍ដំណែលវប្បធម៌ជាតិ បន្សល់ទុកជាតឹកតាង ប្រវត្តិសាស្ត្រនៃអារ្យធម៌ដ៏យូរលង់ និងរុងរឿងនៃជាតិសាសន៍ខ្មែរ។ ក្នុងនោះដែរ ឯកឧត្តមក៏សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអភិវន្ទន៍កិច្ចប្រកបដោយកតញ្ញុតាធម៌ ចំពោះព្រះរាជគុណូបការៈ និងសូមថ្លែងនូវអំណរព្រះមហាករុណាទិគុណដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងយកព្រះទ័យទុកដាក់ខ្ពស់ ក្នុងព្រះរាជតួនាទីជាព្រះប្រមុខរដ្ឋនៃឯកភាព និងនិរន្តរភាពជាតិ ញ៉ាំងឱ្យព្រះរាជាណាចក្រកម្ពុជាបន្តរក្សាបានស្ថិតស្ថេរ គង់វង្សនូវសម្បត្តិវប្បធម៌ ជាដួងព្រលឹងជាតិ រហូតមកដល់បច្ចុប្បន្ន»។

ឯកឧត្តមក៏បានថ្លែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះមគ្គទេសក៍ដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញ នូវគោលនយោបាយដឹកនាំដ៏សក្តិសិទ្ធិ ក្នុងការថែរក្សាការពារ និងលើកស្ទួយវប្បធម៌ និងអត្តសញ្ញាណជាតិលើ ឆាកអន្តរជាតិ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងនូវការគោរពកោតសរសើរដោយ ស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបាន ខិតខំយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតីជំនះរាល់ឧបសគ្គ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក រហូតនាំមកនូវ ជោគជ័យដ៏ត្រចះត្រចង់ប្រកបដោយមោទនភាពជូនប្រទេសជាតិ និងប្រជាជន។

ក្រោមមាគ៌ាដឹកនាំដ៏ក្លៀវក្លានៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ នៅព្រឹកថ្ងៃទី២០ខែកញ្ញានេះ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាមានរៀបំពិធីទូស្គរ វាយគង ទះប៉ោតនៅតាមទីស្តីការក្រសួងស្ថាប័ន សហគ្រាស សាលារៀនរួមទាំងនៅតាមទីវត្តអារាមនានាផងដែរដើម្បីអបអរ ការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕