បណ្ឌិត ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់បន្ថែមលើយន្ដការស្ដីពីការសម្រេចផ្អាកស្រាវជ្រាវផលិតផលក្លែងក្លាយជាបណ្ដោះអាសន្ន
ភ្នំពេញ៖ លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី១៩ កញ្ញា ២០២៣ បានឲ្យដឹងថា ថ្មីៗនេះក្រសួងបានផ្អាកជាបណ្ដោះអាសន្នស្ដីពីការស្រាវជ្រាវ ស៊ើបអង្កេតនិងបង្ក្រាបផលិតផលក្លែងក្លាយ ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។
ចំពោះមូលហេតុនៃការផ្អាកការស្រាវជ្រាវបណ្ដោះអាសន្នខាងលើនេះ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា «កន្លងទៅសមត្ថកិច្ចនគរបាលទទួលបន្ទុកចុះប្រតិបត្តិការតាមជំនាញ និងច្បាប់ ដើម្បីលើកកម្ពស់សុខមាលភាពសង្គម។ ទន្ទឹមនេះក៏មានបុគ្គលខ្លះរងការរិះគន់ថា ខ្វះចន្លោះក្នុងបេសកកម្ម។ លើសពីនេះទៅទៀត ក៏មានការលេចឮដំណឹងថា មានជនឱកាសនិយម ក្លែងបន្លំធ្វើជានគរបាលមានសមត្ថកិច្ច ចុះធ្វើសកម្មភាពអវិជ្ជមាននានា ដែលនាំឱ្យម្ចាស់អាជីវកម្មមានការភាន់ច្រឡំ»។
ផ្អែកតាមសេចក្ដីសម្រេចចេញថ្ងៃទី១៥ ខែកញ្ញា ២០២៣កន្លងទៅ ក្រសួងមហាផ្ទៃបានផ្អាកជាបណ្ដោះអាសន្នស្ដីពីការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយ ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុខៈ បានឲ្យដឹងបន្ថែមថា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំក្រសួង ឈានទៅសម្រេចផ្អាកជាបណ្ដោះអាសន្នរាល់សកម្មភាពរបស់មន្ត្រីនគរបាល និងអង្គភាពជំនាញចំណុះក្រសួងមហាផ្ទៃមួយរយៈ ដើម្បីងាយស្រួលបើកការអង្កេតស្រាវជ្រាវតាមបណ្ដឹងរបស់ប្រជាពលរដ្ឋ។
ការអង្កេតស្រាវជ្រាវនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ប្រគល់ភារកិច្ចនេះ ទៅអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ មុខការអង្កេតស្រាវជ្រាវតាមជំនាញនិងនីតិវិធី ដើម្បីធ្វើរបាយការណ៍គោរពជូន ឯកឧត្ដមអភិសន្តិបណ្ឌិត ពិនិត្យសម្រេច និងឈានទៅចាត់វិធានការចំពោះមន្ត្រីណាដែលរកឃើញថាប្រព្រឹត្តិខុសតួនាទីភារកិច្ច និងគោលការណ៍ច្បាប់។ ទន្ទឹមនេះ ប្រសិនបើក្នុងពេលផ្អាកបណ្ដោះអាសន្ននេះ មាននគរបាលណា ឬអង្គភាពចំណុះក្រសួងណា ធ្វើសកម្មភាពទៀត ឯកឧត្ដមអភិសន្តិបណ្ឌិត ប្រគល់សិទ្ធិជូនទៅខាងអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់ការលើបុគ្គលឬអង្គភាពដែលល្មើសនេះតាមច្បាប់៕