iOS 17 អាចដំឡើង iPhone ម៉ូដែលណាខ្លះ  

ក្រុមហ៊ុន Apple នៅដើមសប្តាហ៍នេះ មានព្រឹត្តិការណ៍ Wonderlust បានប្រកាសពីប្រព័ន្ធប្រតិបត្តិ iOS 17 របស់ខ្លួនជាសាធារណៈ ដែលអាចដំឡើងបានចាប់ពី iPhone XS ឡើង ហើយចាប់ពី iPhone 8 Plus និង iPhone X ចុះក្រោម មិនអាចបន្តដំណើរការប្រព័ន្ធប្រតិបត្តិការចុងក្រោយ របស់ក្រុមហ៊ុន Apple បានទៀតនោះទេ។

ប្រព័ន្ធប្រតិបត្តិការកម្មវិធីចុងក្រោយនេះ អាចដំឡើងបាននៅលើម៉ូដែលចាប់ពី iPhone XS ឡើងទៅ តាំងពីពាក់កណ្តាលយប់ ថ្ងៃទី១៨ ឆ្លងចូលថ្ងៃទី១៩ ខែកញ្ញា យប់មិញមកម្ល៉េះ (ម៉ោងនៅកម្ពុជា) ។ iOS 17 បាននាំមកនូវការអាប់ដេតដ៏ធំ ដោយមានការកែលម្អលើមុខងារមួយចំនួន ដូចជា “ក្តារចុច” ដែលការលម្អថ្មី នឹងធ្វើឱ្យវាបញ្ចូលអត្ថបទលឿន និងងាយស្រួលជាងមុន។

ម៉្យាងទៀត iOS 17 ក៏បានបញ្ចូលមុខងារ ផ្ញើសារជាសំឡេង នៅលើ FaceTime; Contract Posters និងកាកែច្នៃបន្ថែមទៅលើមុខងារ SharePlay និងមុខងារផ្សេងៗផងដែរ។

បន្ថែមពីនេះ iOS 17 មានការកែប្រែ និងបន្ថែមចំណុចថ្មីដូចជា មុខងារ StandBy ដែលវានឹងបង្ហាញផ្ទៃ Widgets ដូចជា ម៉ោង ប្រតិទិន និងការបង្ហាញផ្សេងៗទៀត ខណៈពេលកំពុងសាកថ្ម (ពេលផ្ដេកអេក្រង់)។ ពិសេស គឺបន្ថែម មុខងារ NameDrop ដែលអាចផ្ទេរបញ្ជីលេខទូរសព្ទ ដោយគ្រាន់តែដាក់ទូរសព្ទក្បែរគ្នាប៉ុណ្ណោះ៕