មុនពេលសម្រេចចិត្ត ចង់រៀបការ?
ការសម្រេចចិត្តជ្រើសរើសនរណាម្នាក់មកជាគូរអនាគត ត្រូវរួមរស់ក្នុងដំណើរជីវិតមួយដ៏សែនវែងឆ្ងាយ មានជួបមេរៀនក្នុងឆាកជីវិត ល្វីង ជូរ ចត់ ផ្អែមល្ហែម ទឹកភ្នែក សប្បាយ រីករាយ កើតទុក្ខ ឈឺចិត្តស្អិតទ្រូង សុខសុភមង្គល អ្វីដែលសំខាន់គឺការជ្រើសរើសគូរជីវិតបានត្រឹមត្រូវ។ តើលោកអ្នកដឹងទេថា លោកអ្នកដែលចង់ស្វែងរកស្វាមី/ភរិយា គឺវាប្រៀបដូចជាលោកអ្នកស្វែងរកទិញទ្រនាប់ជើងយកមកពាក់ឲ្យសាកសមជាមួយជើង ទោះជាមិនបានល្អឥតខ្ចោះ ក៏អាចឲ្យយើងមិនខកចិត្តដែរ សូមធ្វើការប្រៀបធៀប៖
១-រូបរាង: សូមលោកអ្នកកុំសម្លឹងរកស្បែកជើងស្អាត ថ្លៃ ឬថោកឲ្យសោះ តែលោកអ្នកត្រូវរកស្បែកជើងដែលពាក់ទៅស្រួលជើង គឺវាមានន័យថា ស្រីស្អាតឬប្រុសស្អាតក៏មិនប្រាកដថាស័ក្ដិសមនឹងលោកអ្នកទេ ដ្បិតលោកអ្នកត្រូវមានប្រាក់ចំណូលច្រើន ដើម្បីថែរក្សាភាពស្រស់ស្អាតរបស់នាង ឬក៏បុរសសង្ហា(សម្បូរស្នេហ៍)ក៏មិនស័ក្ដិសមនឹងនាងដែរ ព្រោះនាងត្រូវតែគ្រាំគ្រាចិត្ត អត់ធន់ដើម្បីនាងអាចចងចិត្តស្វាមីដ៏ស្រស់សង្ហានោះបាន។
២-ទំហំ: ទ្រនាប់ជើងមានខ្នាតតូចធំ លោកអ្នកត្រូវរើសឲ្យត្រូវលេខ វាមានន័យថា លោកអ្នកត្រូវជ្រើសរើសមនុស្ស ដែលមានឋានៈប្រហាក់ប្រហែលនឹងលោកអ្នក ដ្បិតបើលោកអ្នកសម្លឹងទៅរកអ្នកមាន នោះគេក៏នឹងមិនយកយើងទេ តែបើលោកអ្នកយកអ្នកក្រពេក ក៏យើងពិបាកនឹងកសាងអនាគតនោះដែរ គេថាលុយមិនសំខាន់ តែបើអត់លុយនោះលោកអ្នកលែងសំខាន់សម្រាប់គេហើយ។
៣-គុណភាព: ទ្រនាប់ជើងល្អពាក់បានយូរ តែគេអាចឲ្យលោកអ្នកលសាកល្បងស្បែកជើងបាន តែគេមិនឲ្យលោកអ្នកពាក់វាទេ ដូច្នេះលោកអ្នកត្រូវតែចេះសាកសួរអ្នកមានបទពិសោធន៍ធ្លាប់ជ្រើសប្រភេទទ្រនាប់ជើងពាក់មុនៗ គឺលោកអ្នកត្រូវចេះពិភាក្សាជាមួយមាតាបិតារបស់លោកអ្នក ដែលមានបទពិសោធន៍ក្នុងជីវិត ដ្បិតបើសិនលោកអ្នកស្រឡាញ់យ៉ាងងងិតងងល់ នោះលោកអ្នកប្រាកដជាស្ដាយក្រោយពេញមួយជីវិត។
៤-ពិនិត្យសភាព: ត្រូវពិនិត្យមើលថ្នេរ ខ្សែ បាត និងកែងទ្រនាប់ជើង ក្រែងលោវាមិនដាច់ដោច បើលោកអ្នកទិញទ្រនាប់ជើងដោយមិនប្រុងប្រយ័ត្ន នោះលោកអ្នកនឹងទិញវាយកទៅបោះចោលដោយលោកអ្នកពាក់មិនកើតហើយ នេះវាមានន័យថា បើលោកអ្នកជ្រើសរើសដៃគូជីវិតមិនត្រឹមត្រូវទេ នោះលោកអ្នកប្រាកដជាមិនទទួលបាននូវសុភមង្គលក្នុងជីវិតរស់នៅទេ។