ទីតាំងសំណង់មិនរៀបរយ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះបង្រ្កាប ឃាត់ខ្លួនមនុស្សប្រុសស្រី២៣នាក់

ភ្នំពេញ៖  ទីតាំងសំណង់មិនរៀបរយចំណុចវត្តចាក់អង្រែលើ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យចុះ បង្រ្កាបធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន។

ដឹកនាំប្រតិបត្តិការដោយលោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ រួមកងកម្លាំងអធិការនគរបាលខណ្ឌមានជ័យ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយចុះត្រួតពិនិត្យ នៅតាមទីតាំងស្មុគស្មាញ សំណង់មិនរៀបរយ និងអគារបែកបាក់ ទុកចោលក្នុងដីឡូត៍ ក្នុងព្រៃត្រែងផ្លូវ៦០ម៉ែត្រ ច្រកអតីតឡឥដ្ឋ ដែលក្រុមជនអនាថាទាំងនោះសាងសង់ខ្ទមស្នាក់នៅ ពពាក់ពពូនគ្នា និងស្នាក់នៅ តាមចេតិយ ក្នុងបរិវេណ វត្តចាក់អង្រែលើ។

ក្នុងរង្វង់ចុះរដ្ឋបាលនេះដែរ កម្លាំងបានប្រមូលនិង ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២៣នាក់ ក្នុងនោះស្រី៦នាក់ ក្នុងនោះមានខ្លះជាមនុស្សវង្វេងស្មារតី បាត់បង់ម្ចាស់ការលើខ្លួនឯង ដើម្បីបញ្ជូនទៅមន្ទីសង្គមកិច្ចរាជធានីភ្នំពេញ៕