អាកាសយានិកលោតចេញ ពីយន្តហោះចម្បាំង F-35 ក្នុងឧបទ្ទវហេតុ យោធាអាមេរិកសុំជំនួយស្វែងរក

អាមេរិក៖ បន្ទាប់ពីបាត់ការទាក់ទង នៅកន្លែងមួយ ក្នុងរដ្ឋខារ៉ូលីណាខាងត្បូង (South Carolina) នៅពេលដែលអ្នកបើកយន្តហោះបានលោតចេញ ក្រុមមន្ត្រីយោធាអាមេរិកបានអំពាវនាវដល់សាធារណជនឲ្យជួយស្វែងរកយន្តហោះចម្បាំង F35 នោះ។

អាកាសយានិកកងម៉ារីនម្នាក់ បានលោតចេញពីយន្តហោះ F-35B Lightning II ដោយសុវត្ថិភាព ពេលហោះពីលើទីក្រុង Charleston ខាងជើង កាលពីរសៀលថ្ងៃអាទិត្យ ទី១៧ ខែកញ្ញាកន្លងទៅ បើតាមមន្ត្រីយោធាបានប្រាប់។

បន្ទាប់ពី«ជួបឧបទ្ទវហេតុ» ហើយការស្វែងរកយន្តហោះ ដែលបាត់របស់អាកាសយានិករូបនោះ ឥឡូវនេះ គឺផ្តោតលើបឹងចំនួន២ ដែលស្ថិតនៅភាគខាងជើងនៃទីក្រុង Charleston ខាងជើង។

លោកស្រី Maj Melanie Salinas អ្នកនាំពាក្យយោធា បាននិយាយថា អាកាសយានិកបានចាកចេញដោយសុវត្ថិភាព ដោយលោតឆ័ត្រយោងចូលទៅក្នុងទីក្រុង Charleston ខាងជើង នៅម៉ោងប្រហែល ២រសៀល ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ដែលស្ថានភាពរបស់អាកាសយានិកនោះ គឺល្អប្រសើរធម្មតាទេ។ តែយ៉ាងណាក្ដី ឈ្មោះអ្នកបើកយន្តហោះចម្បាំងរូបនោះ មិនត្រូវបានបញ្ចេញឲ្យដឹងនោះឡើយ។

ស្របគ្នានេះ អាជ្ញាធរបាននិយាយថា ក្រុមមន្ត្រីកំពុងតែស៊ើបអង្កេតរកពីមូលហេតុ ដែលនាំឲ្យអាកាសយានិករូបនោះលោតចេញ៕