គ្រោងបញ្ចប់នៅពាក់កណ្ដាល ឆ្នាំ២០២៤ វិមានរដ្ឋធម្មនុញ្ញ សាងសង់បាន៣៥%ហើយ
ភ្នំពេញ៖ នៅក្នុងសម័យតេជោសន្តិភាព វិមានរដ្ឋធម្មនុញ្ញ ដែលទុកជាគោលចារឹក និងជាមរតកដ៏វិសេសវិសាល ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចកសាងឡើង សម្រាប់កូនចៅជំនាន់ក្រោយ បានចងចាំនូវប្រវត្តិ និងអត្ថន័យ នៃការកសាងរដ្ឋធម្មនុញ្ញ ជាសមិទ្ធផល និងជាចំណងដៃជាប្រវត្តិសាស្ត្រ ដែលកើតចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលមានព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដមសីហនុ (ព្រះបរមរតនកោដ្ឋ) និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គស្ថាបនិកកំពូល រួមជាមួយភាគីជាតិ និងអន្តរជាតិ ។
រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារសាងសង់វិមានរដ្ឋធម្មនុញ្ញ លោក លី រស្មី បានឱ្យដឹងថា បញ្ចុះបឋមសិលាកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ដែលមកដល់ថ្ងៃទី ១៥ ខែកញ្ញា សម្រេចការសាងសង់បាន ៣៥%ហើយ ដោយសម្រេចបានគ្រោងគ្រឿងផ្គុំសំណង់ ១០០%ហើយ ខណៈការងារនៅសល់ គឺការតុបតែងថ្មភកពីខាងក្រៅទាំងមូលនៃផ្នែកអគារ ។
ចំនែកនៅផ្នែកខាងលើ គឺមានបុស្បុក ដែលធ្វើពីស្ពាន់ ។ អគារនេះ មានកំពស់ ២១ម៉ែត្រ ដែលគ្រោងបញ្ចប់ការសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៤។
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោកកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានលើកឡើងពីបុព្វហេតុនៃការកសាងវិមានរដ្ឋធម្មនុញ្ញថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណា ចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើជាលើកទី១ នៅប្រទេសកម្ពុជា បានទទួល យកទស្សនទានធម្មនុញ្ញនិយមទំនើបជាលើកដំបូងតាមរយៈឆ្នាំ១៩៤៧។ រយៈពេលជិត ៨ទសវត្សរ៍ ក្រោយការចាប់បដិសន្ធិ នៃរដ្ឋធម្មនុញ្ញទី១ កម្ពុជា បានផ្លាស់ប្ដូររដ្ឋធម្មនុញ្ញជាបន្តបន្ទាប់ រហូតមកដល់រដ្ឋធម្មនុញ្ញទី៦ ត្រូវបានប្រកាសឱ្យប្រើក្នុងឆ្នាំ១៩៩៣ និងជារដ្ឋធម្មនុញ្ញដែលកំពុងស្ថិតនៅជាធរមានរហូតដល់បច្ចុប្បន្ន។
លោកកិត្តិនីតិកោសលបណ្ឌិត បានបន្តថា ដោយយល់ឃើញថា ក្នុងប្រវត្តិសាស្ត្រនៃការចាប់កំណើតធម្មនុញ្ញនិយមកម្ពុជា ពុំធ្លាប់បានកសាងវិមានអនុស្សាវរីយ៍ ដើម្បីជានិមិត្តរូប និងជាទីសម្រាប់ប្រារព្ធពិធីអបអរខួបរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសនៅឡើយ ដោយយល់ឃើញថា កម្ពុជា បច្ចុប្បន្នមានសុខសន្តិភាព ស្ថិរភាពពេញលេញ និងការអភិវឌ្ឍប្រកបដោយចិរភាព ធានាបាននូវអាយុកាលយូរអង្វែងទៅមុខនៃរដ្ឋធម្មនុញ្ញ បច្ចុប្បន្ន អាស្រ័យដោយមាននយោបាយឈ្នះ-ឈ្នះ និងមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
ក្រុមប្រឹក្សាធម្មនុញ្ញយល់ឃើញថា នេះជាសម័យកាលដ៏សមគួរ ក្នុងការស្ថាបនាវិមានរដ្ឋធម្មនុញ្ញ ទុកជាគោលចារឹក និងជាមរតកដ៏វិសេសវិសាលនៅក្នុង សម័យតេជោសន្តិភាព សម្រាប់កូនចៅជំនាន់ក្រោយបានចងចាំនូវប្រវត្តិនិងអត្ថន័យ នៃការកសាងរដ្ឋធម្មនុញ្ញ ជាសមិទ្ធផល និងជាចំណងដៃជាប្រវត្តិសាស្ត្រ ដែលកើតចេញ ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលមាន ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដមសីហនុ (ព្រះបរមរតនកោដ្ឋ) និង សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាអគ្គស្ថាបនិកកំពូល រួមជាមួយភាគីជាតិ និងអន្តរជាតិ។
លោកក៏បានលើកឡើងជាទស្សនាទានស្ថាបត្យកម្មវិមានរដ្ឋធម្មនុញ្ញ ឱ្យដឹងថា «ផ្អែកលើខ្លឹមសារ និងគោលទស្សនៈសំខាន់ៗដែលមានក្នុងរដ្ឋធម្មនុញ្ញ ស្ថាបត្យករបានធ្វើសំយោគបញ្ចូលក្នុងសិល្បៈស្ថាបត្យកម្ម ញ៉ាំងឱ្យគ្រប់ផ្នែកនៃសំណង់នេះផ្សារភ្ជាប់ដោយ ខ្លឹមសារនៃរដ្ឋធម្មនុញ្ញ»។ ក្នុងគោលគំនិតនេះ ស្ថាបត្យករបានរចនានូវវិមានមួយក្នុងទិដ្ឋភាព បដិរូបកម្ម ដោយការនាំយកទស្សនៈធម្មនុញ្ញនិយមមកមូលសង្ខេបនៅលើសំណង់ស្ថាបត្យកម្មដ៏កម្រមួយ ក្នុងសណ្ឋានជារូបភាពសំយោគរវាង(១) ស្ថាបត្យកម្មក្រិករ៉ូម៉ាំង សម្ដែងនូវ និមិត្តរូបនៃគុណតម្លៃទំនើប និង (២)ស្ថាបត្យកម្មខ្មែរបុរាណសម្ដែងនូវនិមិត្តរូបនៃគុណតម្លៃខ្មែរ ដែលគុណតម្លៃទាំងពីរនេះមានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះវិមាននេះ នឹងបានក្លាយជាសំណង់និមិត្តរូបនៃរដ្ឋធម្មនុញ្ញ និងជាបេតិកភណ្ឌជាតិដ៏វិសេសវិសាលមួយ កសាងឡើងក្នុងសម័យកាលដ៏រុងរឿងនៃសម្តេចអគ្គមហាសេនាបតីតេជោ ៕