ចាក់ថ្នាំ ព្យួរសេរ៉ូម ធ្វើឱ្យស្ត្រីម្នាក់ស្លាប់ គ្រូពេទ្យតជំនាន់២នាក់ឃាត់ខ្លួន

តាកែវ៖  សមត្ថកិច្ចចាប់ឃាត់ខ្លួន គ្រូពេទ្យពីរនាក់ឪពុកកូនរៀនតជំនាន់ បន្ទាប់ពីបានចាក់ថ្នាំ និងដាក់សេរ៉ូម ស្ត្រីអ្នកជំងឺម្នាក់ខុសបច្ចេកទេស បណ្តាលឱ្យគាំងបេះដូងស្លាប់។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិតាតៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ។

ឈ្មោះ កៅ ថុស អាយុ៧៣ឆ្នាំ ភេទស្រី ជាអ្នកជំងឺស្លាប់ដោយប្រតិកម្មថ្នាំ មានទីលំនៅ ភូមិថ្មក្តារ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកគ្រូពេទ្យចេះអត់សាលា រៀនតជំនាន់ពីឳពុកទៅកូន ក្នុងនោះមានឈ្មោះ សន សឿន ភេទប្រុស អាយុ៧១ឆ្នាំ ជាឳពុក និងកូនឈ្មោះ សឿន វឿន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

ទីតាំងបើកកន្លែងសម្រាកព្យាបាលខាងលើ មិនមានជ្ញាប័ណ្ណនិងសញ្ញាប័ត្រពេទ្យដែលចេញពីក្រសួងសុខាភិបាលនោះទេ ជាពេទ្យដែលចេះតៗគ្នា មកពីជំរុំ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុស្ត្រីរងគ្រោះបានទៅឲ្យគ្រូពេទ្យខាងលើពិនិត្យជម្ងឺ ហើយត្រូវបានគ្រូពេទ្យ២នាក់ឪពុកកូន ចាក់ថ្នាំ ដាក់សឹរ៉ូម ស្រាប់តែគាំងបេះដូងស្លាប់ភ្លាមៗតែម្តង ។

លោក វេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានចេញសេចក្ដីបំភ្លឺឱ្យដឹងថា ពេទ្យគ្មានបច្ចេកទេស និងគ្មានច្បាប់អនុញ្ញាតិ បើករបរដោយលួចលាក់ ទុកឱ្យខាងសមត្ថកិច្ច អាជ្ញាធរ ចាត់វិធានការតាមច្បាប់។

ឥឡូវនេះ គ្រូពេទ្យទាំង២នាក់ឪពុកកូន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ចំណែកសពស្ត្រីខាងលើត្រូវបានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕