ផ្លែដូង ជួយជីវភាពគ្រួសាររីកចម្រើន
ជាអ្នកដឹកផ្លែដូងដើរលក់ ជាមុខរបរតូចតាចពិតមែន តែក្នុងពេលបច្ចុប្បន្ន បានជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋខ្មែរ ដែលប្រកបរបរលក់ផ្លែដូងបានច្រើន ដូចជា ការចំណាយហូបចុក និងសម្រាប់ផ្គត់ផ្គងឲ្យកូនចៅបានសិក្សារៀនសូត្រទៀតផង ខណៈតម្លៃដូងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានការហក់ឡើងថ្លៃបន្តិចក៏ដោយ។ ហើយនាពេលបច្ចុប្បន្នអ្នកដឹកផ្លែដូងដើរលក់ជាការប្រកបរបរលក់ដូងចល័ត បាននឹងកំពុងមមាញឹកជាខ្លាំងក្នុងការបន្តរកនូវប្រាក់ចំណូលរបស់ពួកគាត់ផងដែរ។
លោក ជា ម៉ៅ បានប្រកបរបរលក់ផ្លែដូងរយៈពេល ៥ឆ្នាំ បានលើកឡើងថា ការប្រកបរបរលក់ផ្លែដូងរបស់គាត់ បានជួយសម្រួលដល់ជីវភាពគ្រួសារបានច្រើន ហើយមុខរបរដើរផ្លែលក់ដូងនេះ ក្នុងមួយថ្ងៃគាត់អាចរកប្រាក់បានជាង ៤ ទៅ៥ ម៉ឺនរៀលក្នុងមួយថ្ងៃ សម្រាប់ថ្ងៃខ្លះទៀតអាចលក់បានរហូតដល់ជាង ៩ម៉ឺនរៀលក្នុងមួយថ្ងៃក៏មាន តែបើប្រៀបធៀបពីមុនគាត់អាចរកប្រាក់បានពី ១៤ទៅ១៥ ម៉ីនក្នុងមួយថ្ងៃ។
លោក ម៉ៅ បានឲ្យដឹងទៀងថា បច្ចុប្បន្នរបរនេះ គាត់បានផ្ដល់លុយឲ្យគាត់កូនបានបញ្ជូនកូនទៅសិក្សារៀនសូត្រជារៀងរាល់ថ្ងៃថែមទៀត។ ចំពោះផ្លែដូងវិញ គឺគាត់ទិញពីឈ្នួញដែលដឹកយកមកពីខេត្តកំពត ដើម្បីយកមកលក់ឲ្យគាត់ នៅភ្នំពេញ។ ចំពោះការប្រកបការងារពីមុនគាត់ ជាបុគ្គលិកក្រុមហ៊ុនមួយ តែដោយសារតែលោកជួបនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យពិការជើងក៏សម្រេចចិត្តឈប់ធ្វើការមកប្រកបនូវរបរនេះវិញ។
ចំណែកលោក សៅ សារិន បាននិយាយថា គាត់បានប្រកបរបរលក់ដូងរយៈពេលជាង ១ឆ្នាំ របរដឹកផ្លែដូងលក់នេះ បានជួយសម្រួលដល់គាត់ច្រើន ដូចជាជួយសម្រួលក្នុងការបង់នូវបន្ទប់ស្នាកនៅ ការហូបចុកប្រចាំថ្ងៃ និងមានថវិការឲ្យកូនបានសិក្សារៀនសូត្រ និងជួយដល់គ្រួសារមួយចំនួនថែមទៀត។ ហើយរបរលក់ដូង គាត់អាចរកប្រាក់បានជាង ៥ម៉ីនរៀលក្នុងមួយថ្ងៃតែក៏មិនសូវទៀង ដោយសារថ្ងៃខ្លះលក់ដាច់បានច្រើន ថ្ងៃខ្លះក៏លក់បានតិច ក៏ព្រោះតែបញ្ហាអាកាសធាតុ ព្រោះភាគច្រើនប្រជាពលរដ្ឋនៅពេលដែរមានការក្ដៅខ្លាំង គឺមានអ្នកហូបច្រើននឹងលក់បានច្រើន នៅពេលដែរត្រជាក់គឺមានអ្នកហូបតិចតួចមិនដូចពេលក្ដៅ។
លោក សារិន បានបន្តថា ចំពោះតម្លៃដូចមួយតម្លៃ ៣ពាន់រៀល តែគាត់អាចកែឆ្នៃបានហូបទាំងសាច់ នឹងទឹក អាចហូបបាននឹងលក់ក្នុងតម្លែ ៤ ទៅ៥ ពាន់រៀល ដូងនេះទទួលទិញពីឈ្នួញ នៅភ្នំពេញដែលដឹកមកពីខេត្តកំពត និងកំពង់ចាម ហើយគាត់ចាប់ផ្ដើមដើមទុនប្រហែល ២០ម៉ឺនរៀល ដើម្បីទិញមកទុកលក់ជារៀងរាល់ថ្ងៃ និងស្តុបទុកផងដែរ។ ហើយកាលពីមុនគាត់ ជាកម្មករសំណង តែដោយសារការងារនោះមិនអាចជួយសម្រួលដល់ជីវភាពគ្រួសារបានងាកមកចាប់អាជីពជាអ្នកដើរលក់ផ្លែដូងដល់បច្ចុប្បន្ន បើទោះបីជាមិនបានធូរធារដូចគេតែរបរនេះបានជួយទប់ទល់នូវការលំបាកគ្រួសាររបស់គាត់បានផងដែរ។
រីឯលោក សុខ ភារ៉ុម លក់ដូងនៅតាមដងផ្លូវរយៈពេលជាង ៧ឆ្នាំ បានលើកឡើងថា ការប្រកបរបរលក់ដូងនេះ បានជួយដល់គ្រួសារគាត់បានច្រើនគួរសម ហើយកាលពីមុនគាត់ជាកសិករ ប្រកបរបរកាប់អូសនៅក្នុងព្រៃតែដោយជួបនូវការលំបាកក្នុងការរកចំណូល ដោយសារប្រជាពលរដ្ឋ បច្ចុប្បន្ននិយមប្រើប្រាស់នូវចង្រ្កានអគ្គីសនី សម្រេចចិត្តបោះបង់បកមកចាប់អាជីបជាអ្នកលក់ដូងដល់សព្វថ្ងៃ។
លោក ភារ៉ុម បានបន្តថា សម្រាប់ការលក់ដូងក្នុងមួយថ្ងៃគាត់អាចលក់បានចំនួន ៦ ទៅ ៧ឡូក្នុងមួយថ្ងៃ(១ឡូលក់បានជាង ២ម៉ីនរៀល) មិនទៀងសម្រាប់របរលក់ផ្លែដូងនេះ ព្រោះភាគច្រើនគេហូបតែពេលក្ដៅ គឺហូបច្រើន នៅពេលត្រជាក់មិនសូវរកបាន។ ចំពោះការបើការចាប់ផ្ដើមដើមទុនក្នុងការទិញដូងយកមកលក់ដំបូងជាង៣០ម៉ីនរៀលក្នុងការចំណាយ ក្នុងពេលចាប់ផ្ដើមនូវរបរនេះ៕