ចិន ធ្វើកិច្ចការដើម្បីរក្សាសន្ដិភាពនៅលើឧបទ្វីបកូរ៉េ
ចិន៖ កាលពីថ្ងៃអង្គារនេះ ក្រុងប៉េកាំងបាននិយាយថា ខ្លូនប្តេជ្ញារក្សាសន្ដិភាព និងស្ថិរភាពនៅឧបទ្វិបកូរ៉េ បន្ទាប់ពីប្រធានាធិបតីកូរេខាងត្បូងលោក យុន ស៊ុកយុល បានអំពាវនាវ ឲ្យប្រទេសចិនដើរតួនាទីទទួលខុសត្រូវនៅក្នុងការទប់ស្កាត់ការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
លោកស្រីម៉ៅ នីង អ្នកនាំពាក្យក្រសួងកាបរទេសចិន បានបន្ថែមថា លោកយុន ស៊ុកយុល និងនាយករដ្ឋមន្រ្ដីចិន លោកលី ឈាង បានពិភាក្សាពីភាពតានតឹងនៅលើឧបទ្វិបកូរ៉េនៅក្នុងអំឡុងជំនួបរយៈពេលខ្លីនៅក្រៅវេទិកានៃជំនួបកំពូលក្រុមប្រទេសG20 ក្នុងក្រុងញូដេលី កាលពីពេលថ្មីៗនេះ។
នៅពេលគេសួអំពីលទ្ធភាពនៃជំនួបរវាងប្រធានាធិបតីចិន លោកស៊ី ជិពីង ជាមួយមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន អាចកើតមានទេ? លោកស្រី បាននិយាយថា លោកស្រី មិនទាន់ទទួលបានពត៌មាននេះនៅឡើយទេ។
ប្រភពមួយបានប្រាប់អ្នកយកព័ត៌មានរ៉ូយទ័រថា ការធ្វើអត្ថាធិប្បាយនេះ មានឡើងបន្ទាប់ពីលោកគីម បានទៅដល់ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារនេះ សម្រាប់អ្វីដែលវិមានក្រឹមឡាំងនិយាយថា វានឹងក្លាយជាកិច្ចពិភាក្សាគ្រប់ជ្រុងជ្រោយជាមួយប្រធានាធិបតីវ៉្លាឌីមៀ ពូទីន ខណៈមានការព្រមានចេញពីក្រុងវ៉ាស៊ិនតោនដែលថា ពួកគេមិនគួរព្រមព្រៀងគ្នាទៅលើកិច្ចព្រមព្រៀងអាវុធនោះទេ៕