Problem solving skills should train the team

ជំនាញដោះស្រាយបញ្ហា គួរបង្វឹកធីមការងារ

ក្នុងជីវិតរបស់បុគ្គលម្នាក់ៗ ជំនាញដោះស្រាយបញ្ហា គឺជាផ្នែកមួយដ៏សំខាន់ដូច្នេះហើយនៅកន្លែងការងារ បើសិនយើងចង់ធ្វើឱ្យក្រុមការងាររបស់យើងបង្កើនផលិតភាពការងារ មិនសូវស្មុគស្មាញខ្លាំងទាំងនៅក្នុងជីវិត និងការបំពេញការងាររបស់ពួកគេ យើងត្រូវតែហ្វឹកហាត់ក្រុមការងាររបស់យើងឱ្យមានជំនាញដោះស្រាយបញ្ហា។ សូមបង្ហាញនូវចំណុចមួយចំនួន ដែលថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង និងប្រធានផ្នែកទាំងអស់អាចយកទៅអនុវត្តន៍ដើម្បីជួយបង្កើនសមត្ថភាពដោះស្រាយបញ្ហារបស់ក្រុមការងាររបស់យើង៖

 

ផ្ដល់វគ្គបណ្ដុះបណ្ដាលដល់បុគ្គលិក ថ្នាក់ដឹកនាំ ត្រូវតែបញ្ចូនបុគ្គលិកទៅសិក្សាអំពីជំនាញដោះស្រាយបញ្ហា ឬផ្ដល់វគ្គបណ្ដុះបណ្ដាលនោះដល់បុគ្គលិកទាំងអស់យ៉ាងហោចណាស់មួយដងក្នុងមួយឆ្នាំ ឬច្រើនជាងនេះរហូតបុគ្គលិករបស់យើងមានសមត្ថភាពក្នុងការដោះស្រាយបញ្ហានានាទាំងនៅក្នុងជីវិត និងនៅកន្លែងការងារបានយ៉ាងល្អប្រសើរជាងមុន។

វគ្គបណ្ដុះបណ្ដាលនេះ គួរផ្ដោតលើគោលបំណងឲ្យបុគ្គលិករបស់យើងទាំងអស់នៅក្នុងស្ថាប័នបានយល់ដឹងអំពីជំនាញដោះស្រាយបញ្ហា ចេះរបៀបប្រើប្រាស់ ដឹងពីដំណើរការនៃការដោះស្រាយបញ្ហា និងសារៈសំខាន់នៃការដែលធ្វើឱ្យពួកគេមានជំនាញមួយនេះ។

 

អនុញ្ញាតឱ្យបុគ្គលិកហ៊ានសម្រេចចិត្ត និងសាកល្បងដោះស្រាយ ថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង និងប្រធានផ្នែកទាំងអស់ ត្រូវតែផ្ដល់ឱកាសឲ្យក្រុមការងារ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ហ៊ានប្រឈមមុខនឹងបញ្ហានានា រៀនដោះស្រាយបញ្ហាដោយខ្លួនឯង និងសាកល្បងធ្វើតាមការសម្រេចចិត្តផ្ទាល់ខ្លួន (ក៏អាចផ្ដល់សិទ្ធិក្នុងការសុំការប្រឹក្សាយោបល់បន្ថែម) បន្ទាប់មកត្រូវបង្ហាញឲ្យក្រុមការងាររបស់យើងចេះឈ្វេងយល់ដោយខ្លួនឯងអំពីបញ្ហាទាំងនោះ និងរៀនវិភាគលើលទ្ធផលដែលទទួលបាន ដើម្បីស្វែងរកដំណោះស្រាយផ្សេងទៀតដែលល្អប្រសើរជាងមុនក្នុងការអនុវត្តន៍ម្ដងទៀតបើជួបករណីដដែលៗកើតឡើងសារជាថ្មី។

លើសពីនេះ យើងក៏ត្រូវជួយជ្រោមជ្រែងពីក្រោយបន្ថែមទៀត ដើម្បីធ្វើឱ្យក្រុមការងាររបស់យើងមានជម្រើសនឹងគំនិតបន្ថែម ហើយធ្វើឱ្យពួកគេរៀនបន្ស៉ុំានឹងការដោះស្រាយបញ្ហាប្រកបដោយភាពវៃឆ្លាត។ ម្យ៉ាងទៀត យើងក៏ត្រូវផ្ដល់ឱកាសឲ្យក្រុមការងារចេញក្រៅ និងចេះរៀនសង្កេតមើលពីរបៀបរបស់អ្នកដទៃដោះស្រាយបញ្ហាដែលជួបហេតុការណ៍ស្រដៀងយើង ឬបញ្ហាផ្សេង ព្រមទាំងរៀនអ្វីៗផ្សេងទៀតដើម្បីផ្ដល់ជំនួយ ឬបង្កើនសមត្ថភាពលើការពង្រឹងសមត្ថភាពដោះស្រាយបញ្ហា។

 

ដឹកនាំក្នុងការដោះស្រាយបញ្ហាជាក់ស្ដែង៖ យើងអាចបែងចែកក្រុមតូចៗ ក្នុងការដឹកនាំអំឡុងពេលរៀនដោះស្រាយបញ្ហា ដោយក្នុងមួយក្រុមមានសមាជិកយ៉ាងតិច 3 នាក់ ហើយការអនុវត្តន៍អាចមានមួយដងក្នុងមួយខែ ឬអាស្រ័យលើការកំណត់របស់យើង។ នៅត្រង់ចំណុចនេះ យើងអាចដាក់បញ្ហាចោទជាក់ស្ដែងនៅក្នុងស្ថាប័នមួយ ឬច្រើនតាមការកំណត់ចង់បានរបស់យើង បន្ទាប់មកចាប់ផ្ដើមយុទ្ធនាការណ៍ដោះស្រាយបញ្ហាតាមក្រុមនីមួយៗ ដើម្បីធ្វើឱ្យក្រុមការងារកាន់តែយល់ច្បាស់ពីរបៀបនៃការដោះស្រាយបញ្ហា។ គួរបញ្ជាក់ផងដែរថា យើងក៏អាចអញ្ជើញបុគ្គលដែលមានសមត្ថភាពដោះស្រាយបញ្ហា ម្នាក់ឬពីរនាក់ ដើម្បីជួយក្នុងការដឹកនាំដំណើរការបណ្ដុះបណ្ដាលបែបនេះ ឬមិនចាំបាច់ក៏បានអាស្រ័យលើការសម្រេចចិត្តរបស់យើង។