ខណ្ឌច្បារអំពៅ សិប្បកម្មកែច្នៃ ស្តុក គ្រឿងសង្ហារឹម អគ្គិភ័យឆាបឆេះ អស់ទាំងស្រុង
ភ្នំពេញ ៖ អគ្គិភ័យលេបត្របាក់អស់ទាំងស្រុង លើសិប្បកម្មកែច្នៃគ្រឿងនិងស្តុកសង្ហារឹម មួយកន្លែង សង្ស័យផ្តើមចេញពីទុស្សេចរន្តអគ្គិសនី ស្របពេលដែលមេឃកំពុងធ្លាក់ភ្លៀង។ ក្រោយកើតហេតុភ្លាមៗ គេឃើញ អ្នកភូមិ សមត្ថកិច្ច រួមជាមួយរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿង បានចេញទៅជួយអន្តរាគមន៍ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវបេតុងក្នុងភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ម្ចាស់រងគ្រោះឈ្មោះ សុខា វិសាល ភេទប្រុស អាយុ៤២ឆ្នាំ កន្លែងសិប្បកម្មខាងលើសង់អំពីបេតុងគ្រោងដែក ប្រក់ស័ង្កសី ទំហំ១០ម៉ែត្រx៣០ម៉ែត្រ ដែលប្រកបរបរ បើកសិប្បកម្មកែច្នៃឈើ ធ្វើជាគ្រឿងសង្ហារឹម និងស្តុក ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើ ទោះជាមេឃកំពុងធ្លាក់ភ្លៀងយ៉ាងណាក្តី ក៏កម្លាំងសមត្ថកិច្ចបានបញ្ចេញ រថយន្តពន្លត់អគ្គិភ័យចំនួន២០គ្រឿងពីបណ្តាអង្គភាពផ្សេងៗគ្នាចេញអន្តរាគមន៍បាញ់ពន្លត់ ទើបភ្លើងរលត់ទៅវិញនៅវេលាម៉ោង១១និង៣០នាទីបន្ទាប់ នាយប់ថ្ងៃដដែល ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍នោះ សិប្បកម្ម សម្ភារៈ ទ្រព្យសម្បត្តិ ត្រូវបានខូចខាតអស់ទាំងស្រុង តែមិនបង្កឲ្យអ្នកណារងរបួស ឬភ្លើងឆេះរាលដល់លំនៅដ្ឋានពលរដ្ឋជាប់នោះឡើយ។ ចំពោះមូលហេតុពិតប្រាកដនៃ អគ្គិភ័យនេះសមត្ថកិច្ចបន្តស្រាវជ្រាវបន្ថែមទៀតបើទោះបីជាការសន្និដ្ឋានជំហានដំបូងថាបណ្តាលមកពីករណីទុស្សេ ខ្សែភ្លើងក្តី៕