លោក Biden ទៅទស្សនកិច្ច វៀតណាម មានគោលបំណងទប់ទល់ជាមួយចិន

Biden’s visit to Vietnam aims to counter China; 

ចិន ៖ នៅថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ខាងមុខនេះ ប្រធានាធិបតី លោក Joe Biden នឹងធ្វើដំណើរទៅដល់ប្រទេសវៀតណាម ក្នុងបេសកកម្ម ដើម្បីពង្រឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិក ប៉ុន្តែការដាក់ទម្ងន់ខ្លាំងលើការប្រឆាំងនឹងគូប្រជែងចិន នឹងទំនងជាធ្វើឲ្យក្ដីកង្វល់អំពីសិទ្ធិមនុស្សឈានដល់កម្រិតមួយទៀត។

ឥស្សរជនចុងក្រោយបង្អស់ ក្នុងជួរប្រធានាធិបតីអាមេរិក ដែលមានបន្តមិនដាច់ ចាប់តាំងពីលោក Bill Clinton ក្នុងឆ្នាំ២០០០ ដែលធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសអតីតគូសត្រូវ នៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ក្លាយជាលោក Biden។ គោលដៅចម្បង នឹងមិនមានការខុសប្លែកច្រើននោះឡើយពីពេលវេលា ដែលលោក Biden មានវត្តមានក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុង New Delhi ប្រទេសឥណ្ឌា ក្នុងសប្តាហ៍នេះ ពោលគឺកៀរគរការគាំទ្រប្រឆាំងនឹងឥទ្ធិពលរបស់ប្រទេសចិន ដែលកំពុងតែកើនឡើងជាលំដាប់។

លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិ បានប្រាប់សន្និសីទសារព័ត៌មាន នៅសប្តាហ៍នេះថា៖ «អស់ជាច្រើនទសវត្សរ៍មកហើយ ដែលសហរដ្ឋអាមេរិក និងវៀតណាម បានប្រឹងប្រែងជាមួយគ្នា ដើម្បីជម្នះលើរឿងរ៉ាងដ៏ឈឺចាប់រួមគ្នានៃសង្គ្រាមវៀតណាម។ ទស្សនកិច្ចរបស់លោកប្រធានាធិបតីរូបនេះ គឺជាជំហានដ៏គួរឲ្យកត់សម្គាល់មួយ ក្នុងការពង្រឹងទំនាក់ទំនងការទូតរបស់ប្រទេសទាំង២»។

កាលពីថ្ងៃអាទិត្យ សេតវិមាន បានប្រាប់ឲ្យដឹងថា នាទីក្រុងហាណូយនោះ លោក Biden នឹងជួបជាមួយមេដឹកនាំបក្សកុម្មុយនីស្តដែលកំពុងកាន់អំណាចរបស់វៀតណាម លោក Nguyen Phu Trong ហើយបន្ទាប់មក លោកប្រធានាធិបតីអាមេរិក វ័យ ៨០ឆ្នាំ នឹងជួបជាមួយប្រធានាធិបតី លោក Vo Van Thuong និងនាយករដ្ឋមន្ត្រី លោក Pham Minh Chinh នៅថ្ងៃចន្ទ (ទី១១ ខែកញ្ញា)៕