សង្គ្រាមលោកលើកទី៣ គឺបានចាប់ផ្តើមរួចទៅហើយ
World War III has already begun……
អ៊ុយក្រែន៖ ប្រធានក្រុមប្រឹក្សាសន្តិសុខ និង ការពារជាតិអ៊ុយក្រែន កាលពីថ្ងៃម្សិលមិញបានលើកឡើង និងអះអាងថា សង្រ្គាមលោកលើកទី៣គឺកំពុង ដំណើរការស្រាប់ទៅហើយ ដោយជម្លោះរវាងទីក្រុងមូស្គូ និងក្រុងគៀវ បានអូសទាញប្រទេសឆ្ងាយៗ ពីតំបន់ឲ្យមកចូលរួម បើយោងតាមការចេញ ផ្សាយរបស់ RT។
លោក Aleksey Danilov ថ្លែងនៅក្នុងវេទិកាជាតិ ស្តីអំពីសន្តិសុខទីក្រុងគៀវ បានអះអាងថា NATO ត្រូវការអ៊ុយក្រែនជាសមាជិក ព្រោះភាពចលាចលជាសកល នឹងបន្តហើយលោកបានអំពាវនាវ សុំមានការពង្រឹង សម្ព័ន្ធភាពបន្ថែមទៀត។
លោកបន្តថា៖ពីព្រោះថា វាបានចាប់ផ្តើមរួចទៅហើយ ។ ប្រសិនបើនរណាម្នាក់ គិតថា សង្គ្រាមលោកលើកទី៣ មិនទាន់បានចាប់ផ្តើមទេ នោះវាពិតជាកំហុសដ៏ធំមួយ។សង្គ្រាមនេះកំពុងដំណើរការ ក្នុងដំណាក់កាលកូនកាត់មួយរយៈ ហើយឥឡូវនេះបានចូលដល់ ដំណាក់កាលសកម្ម។
សូមបញជាក់ថាការលើកឡើង របស់មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន រូបនេះ បានធ្វើឡើងក្រោយមួយថ្ងៃ ដែលក្រសួងការពារជាតិ រុស្ស៊ីបានប្រកាសអះអាងថា ក្នុងអំឡុងពេលបីខែ នៃការវាយបក របស់អ៊ុយក្រែនពួកគេបាន បាត់បង់ជីវិតទាហានប្រហែល ៦៦០០០នាក់ និងអាវុធធុនធ្ងន់ចំនួន៧៦០០គ្រឿង ខណៈលទ្ធផល ដែលទទួលបានហាក់ដូចជាមិនមាន អ្វីជាដុំកំភួនឡើយ ៕