ការសម្តែងក្តីកង្វល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះការកើនឡើងនៃការប្រទាញប្រទង់គ្នាខាងភូមិសាស្រ្ត នយោបាយ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅចំពោះមុខថ្នាក់ដឹកនាំកំពូលនៃប្រទេសអាស៊ានទាំង១១រួមទាំងអគ្គលេខាធិការអាស៊ានផងនោះ បានសម្តែងនូវក្តីកង្វល់ចំពោះការកើនឡើងនៃការ ប្រទាញប្រទង់គ្នាខាងភូមិសាស្រ្តនយោបាយ ដែលកត្តានេះទាមទារឲ្យអាស៊ានត្រូវរួមគ្នារកដំណោះស្រាយ ឲ្យបានសមស្របណាមួយ។
នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នាថ្ងៃទី៥ ខែកញ្ញ ឆ្នាំ២០២៣កន្លងទៅនេះ ថ្លែងពិធីបើកកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំចង្អៀត នៃកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៣ សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី«បានលើកឡើងពីការព្រួយបារម្ភនៃការកើនឡើងនៃការប្រទាញប្រទង់ខាង ភូមិសាស្ត្រនយោបាយ ដែលធ្វើឱ្យប្រទេសមួយចំនួនមានការលំបាកក្នុងការស្វែងរកចំណុចអព្យាក្រឹត្យដែលអាច គាំទ្របានយ៉ាងពិតប្រាកដ ប្រកប ដោយបរិយាប័ន្ន កិច្ចសហប្រតិបត្តិការ និងការរួមរស់ដោយសន្តិភាព»។
សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមទៀតថា ក្នុងន័យនេះ ការឆ្លើយតបរបស់អាស៊ានពិតជាមិនមានភាពគ្រប់គ្រាន់ បើអាស៊ានគ្រាន់តែឆ្លើយតបប្រកប ដោយប្រសិទ្ធភាពចំពោះវិបត្តិដែលកំពុងកើតឡើងនោះ អាស៊ានត្រូវតែមានសមត្ថភាពក្នុងការប្រមើលមើលទប់ស្កាត់វិបត្តិ ហើយឈានទៅកាត់បន្ថយផលប៉ះពាល់តាមរយៈការប្រើប្រាស់តួនាទីពិសេសនៃកិច្ចប្រជុំកំពូលអាស៊ាន និងក្នុងនាមជាស្ថាប័នរៀបចំគោលនយោបាយកំពូលស្របតាមគោលការណ៍ស្នូលនៃការពិគ្រោះយោបល់ និងគោលការណ៍កុងសង់ស៊ីស អាស៊ានអាចចាត់វិធានការម៉ឺងម៉ាត់និងទាន់ពេលវេលាលើបញ្ហាដែលមានភាពបន្ទាន់និងមាន សារៈសំខាន់។ ដើម្បីឱ្យក្លាយទៅជាមជ្ឈមណ្ឌលនៃកំណើនរបស់ពិភពលោក អាស៊ានត្រូវស្វែងរកប្រភពថ្មីនៃកំណើន ដ៏រឹងមាំនិងមានភាពធន់នឹងវិបត្តិ ដែលរួមមានដូចជា ការធ្វើបរិវត្តកម្មឌីជីថល អន្តរកាលបៃតង (សេដ្ឋកិច្ចពណ៌ខៀវ និងសេដ្ឋកិច្ចច្នៃប្រឌិត)។
នៅក្នុងកិច្ចប្រជុំខាងលើនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់ប្រទេសឥណ្ឌូនេស៊ីសម្រាប់ការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូកម្ពុជា និងបានអបអរសាទរ ឥណ្ឌូនេស៊ីក្នុងការរៀបចំបានយ៉ាងល្អនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
សូមបញ្ជាក់ថា ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើក៤៣ (កិច្ចប្រជុំពេញអង្គ) ត្រូវបានរៀបចំឡើងយ៉ាងមហាឱឡារិកនៅរដ្ឋធានីហ្សាការតានៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដោយមានការចូលរួមពីព្រះចៅ ស៊ុលតង់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងភរិយាថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន អគ្គលេខាធិការអាស៊ាន ក៏ដូច ជាភ្ញៀវកិត្តិយសអន្តរជាតិជាច្រើនរូបទៀត។ គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ព្រមទាំងអមដំណើរដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីនៃសសរស្ដម្ភទាំងបី និង មន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។
បើតាមខ្លឹមសារសង្ខេបនៃកិច្ចប្រជុំដែលបានចុះផ្សាយជាសាធារណៈ បានឲ្យដឹងទៀតថា នៅចុង បញ្ចប់នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ អង្គប្រជុំកំពូលបានអនុម័តលើឯកសារសំខាន់ៗមួយចំនួនផងដែរដូចជា សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានអំពីអាស៊ានជាស្នូលនៃកំណើនសេចក្ដីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីការពង្រឹងសន្តិសុខស្បៀងនិងអាហាររូបត្ថម្ភដើម្បីឆ្លើយតបទៅនឹងវិបត្តិ សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការអភិវឌ្ឍនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល កិច្ចព្រមព្រៀងស្ដីពីក្របខ័ណ្ឌសេដ្ឋកិច្ចអាស៊ាន បៃតង និងសេចក្តីព្រាងនៃចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ជាដើម៕