ទឹកទំនប់វារីអគ្គិសនីកំចាយ អាជ្ញាធរបើកទ្វារចំនួន១ដើម្បីរំដោះទឹកចេញពីទំនប់

ខេត្តកំពត៖ ដើម្បីរំដោះទឹកចេញពីទំនប់ ក្រុមការងារបច្ចេកទេសទំនប់វារីអគ្គិសនីកំចាយ បានបើកទ្វារទឹក ចំនួន ០១ កម្ពស់ ០២ម៉ែត្រ កាលពីល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៧´:០០នាទី ។ ដូច្នេះស្ថានភាពទឹកព្រែក និងមានកម្ពស់លើសពីធម្មតា។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត ។

បន្ទាប់ពីក្រសួងធនធានទឹកនិងឧតុនិយមបានជូនដំណឹងថា កម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់មាត់សមុទ្រ អាចមានភ្លៀងនៅក្នុងកម្រិតមធ្យមទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ទើបមានការសម្រេចបើកទ្វារទឹកទំនប់វារីអគ្គិសនីកំចាយនេះ ។

យោងលើអាជ្ញាធរ នៅតំបន់ទំនប់វារីអគ្គិសនីកំចាយ ទឹកក្នុងអាងទំនប់មានកម្ពស់ ១៤៧.៩៥ ម៉ែត្រ ហើយទឹកហូរចូលអាងទំនប់មាន ចំនួន ៧៥៨.៣ ម៉ែត្រគុប/វិនាទី៕