តើការគោរពឱ្យតម្លៃអតិថិជនសំខាន់យ៉ាងណា?
ការគោរពឱ្យតម្លៃអតិថិជនសំខាន់ណាស់សម្រាប់អាជីវកម្មគ្រប់ប្រភេទអាចដំណើរការល្អបានគង់វង្ស លុះត្រាតែអាជីវកម្មនោះមានចរន្តសាច់ប្រាក់ចេញ-ចូលល្អ ព្រមទាំងមានអតិថិជនគាំទ្រច្រើន ហើយដើម្បីធ្វើឲ្យអតិថិជនមានការគាំទ្រច្រើន ដោយមិនមែនគាំទ្រត្រឹមមួយថ្ងៃ ប៉ុន្តែជាការគាំទ្ររហូតក្លាយជាអតិថិជនភក្តីភាពសម្រាប់ក្រុមហ៊ុន គឺតាមរយៈការផ្ដល់សេវាកម្មអតិថិជនដ៏ល្អ ដោយធ្វើឱ្យអតិថិជនមានការពេញចិត្តខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃទៀត។
ការផ្ដល់សេវាកម្មអតិថិជនល្អមានច្រើន ប៉ុន្តែនៅក្នុងការលើកមកបង្ហាញពេលនេះគឺ “ការចេះគោរពឱ្យតម្លៃអតិថិជន” ដោយការគោរពឲ្យតម្លៃ មិនគិតពីការវាយតម្លៃពីសំបកក្រៅ ឬគិតពីឋានៈតួនាទីអ្វីឡើយ ប៉ុន្តែបានផ្ដល់ការគោរពឱ្យតម្លៃដល់អតិថិជនគ្រប់គ្នាៗឲ្យតែចូលហាង ឬក្រុមហ៊ុនរបស់យើង។
ហេតុអ្វីត្រូវគោរពឱ្យតម្លៃអតិថិជនគ្រប់គ្នាយ៉ាងនេះ?
ការគោរពឱ្យតម្លៃដល់អតិថិជនដែលបានចូលមកហាងឬក្រុមហ៊ុនទាំងអស់ដោយគ្មានការរើសអើង ឆ្មើងឆ្មៃអ្វីនោះ វាជាការបង្ហាញនូវគុណតម្លៃរបស់ហាង ឬក្រុមហ៊ុន ព្រមទាំងធ្វើឱ្យអតិថិជនកាន់តែមានភាពសប្បាយចិត្ត ពេញចិត្ត និងគាំទ្រអាជីវកម្មរបស់យើងរយៈពេលវែង។
បន្ថែមពីនេះ ចំពោះភាពសំខាន់នៃការគោរពឱ្យតម្លៃអតិថិជន វានឹងជួយ៖
- បង្កើនអតិថិជនភក្តីភាពបានកាន់តែច្រើន ដោយពួកគេមកហាង ឬក្រុមហ៊ុនរបស់យើងម្ដងហើយម្ដងទៀត
- អតិថិជនហ៊ានចំណាយលុយច្រើនជាងមុនលើផលិតផលសេវាកម្មរបស់យើង
- អតិថិជននឹងជួយជំរុញការផ្សព្វផ្សាយបន្តទៅកាន់អ្នកផ្សេង ឬនៅលើបណ្ដាញសង្គម
- កេរ្តិ៍ឈ្មោះអាជីវកម្មរបស់យើងកាន់តែល្អ
- ឱកាសធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើនទៅមុខ