សារដាស់តឿនរដ្ឋមន្ត្រីឱ្យបែងចែកភារកិច្ចជូនរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ តាមក្រសួងស្ថាប័នឱ្យរួចរាល់នៅសប្តាហ៍ក្រោយ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកដាស់តឿនដល់រដ្ឋមន្រ្តីដែលមិនទាន់បែងចែកភារកិច្ច ត្រូវប្រញាប់ប្រញាល់រៀបចំបែងចែកជូនថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ឱ្យបានរួចរាល់នៅសប្តាហ៍ក្រោយនេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកដាស់តឿនដល់រដ្ឋមន្រ្តីក្រសួងណា ដែលមិនទាន់បែងចែកភារៈកិច្ចច្បាស់លាស់ជូនថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ សូមប្រញាប់បែកចែកជាបន្ទាន់ឲ្យរួចរាល់នៅសប្តាហ៍ក្រោយនេះ ដើម្បីធានាដល់និរន្តរភាព និងចីរភាពទាំងលើការ ដឹកនាំ ទាំងលើការងារអនុវត្តន៍ការរបស់ក្រសួងស្ថាប័ន ដោយយោងតាមសារតាមតេឡេក្រាមនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ ។
សម្តេចបញ្ជាក់ថា ការបែងចែកតួនាទីភាគី ត្រូវធានាឱ្យបានច្បាស់លាស់ រវាងការដឹកនាំខាងនយោបាយ និងបច្ចេកទេស ដើម្បីធានាស្ថិរភាពស្ថាប័ន ជៀសវាងការលូកដៃចូលការងារជំនាញក្រសួងស្ថាប័ន ដោយមិនឆ្លង ឬរំលងឋានានុក្រុមបច្ចេកទេស។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តថា ការរៀបចំតួនាទីមន្ត្រីត្រូវផ្អែកលើគោលការណ៍គ្រឹះចំនួនពីរ គឺ គោលការណ៍គុណាធិបតេយ្យ រួមមាន៖ គុណសម្បត្តិ ស្នាដៃ សមត្ថភាព ចំណេះដឹង ទេពកោសល្យ និងក្រមសីលធម៌ និងគោលការណ៍គុណធម៌ ស្របតាម ទិសស្លោក «ចាស់ស្គាល់ផ្លូវ ក្មេងមានកម្លាំង»៕